រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលប្រារព្ធឡើងនៅសាលប្រជុំមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី។

លោក សុខ ទីឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានលើកឡើងពីសមិទ្ធផលការងារសំខាន់ៗដែលមន្ទីរសម្រេចបានក្នុងឆ្នាំកន្លងមក ជាពិសេសកិច្ចការងារអភិរក្សបេតិកភណ្ឌរូបី និងអរូបី។ លោកបានបញ្ជាក់ថា មន្ទីរបានចុះកំណត់និយាមកាបុរាណដ្ឋានចំនួន ០៤ទីតាំង នៅស្រុកពេជ្រាដា រួមមានព្រៃត្រណម និងព្រៃកប់សព ព្រមទាំងបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ។ ក្រៅពីនេះ មន្ទីរបានចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ និងវត្ថុសិល្បៈសរុបចំនួន ៤៣មុខ ស្មើនឹង ៥៤ដុំ/ផ្នែក និងបានបញ្ចប់ការចងក្រងឯកសារស្តីពី “កិច្ចពិធីសែនស្រូវ” និង “ឧបករណ៍ភ្លេងគង១២” របស់បងប្អូនជនជាតិដើមភាគតិចព្នង ដើម្បីទុកជាឯកសារមរតកសម្រាប់អ្នកជំនាន់ក្រោយ។

ក្នុងឱកាសសំណេះសំណាល លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការកោតសរសើរពីសំណាក់ឯកឧត្តមអភិបាលខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរវប្បធម៌ និងអង្គភាពពាក់ព័ន្ធ។ លោក បានសង្កត់ធ្ងន់ថា ទោះបីខេត្តមណ្ឌលគិរីមិនសូវសម្បូរប្រាង្គប្រាសាទបុរាណ ប៉ុន្តែយើងមានបេតិកភណ្ឌវប្បធម៌អរូបីដ៏អស្ចារ្យ ដែលជាអត្តសញ្ញាណមិនអាចខ្វះបាន។ ស្របតាមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» លោកបានជំរុញឱ្យយុវជនគ្រប់រូបត្រូវមានមនសិការស្នេហាជាតិ និងចូលរួមថែរក្សាការពារកេរដំណែលវប្បធម៌ឱ្យបានគង់វង្ស។ លោក ក៏បានលើកឡើងនូវទិសដៅការងារសំខាន់ៗមួយចំនួន រួមមាន ១. បន្តជំរុញការផ្ទេរចំណេះជំនាញពីចាស់ព្រឹទ្ធាចារ្យទៅយុវជនបន្តវេន។ ២. ចងក្រងប្រវត្តិប្រពៃណី និងទំនៀមទម្លាប់ជនជាតិដើមភាគតិចឱ្យបានគ្រប់ជ្រុងជ្រោយ។ ៣. គាំទ្រផែនការសាងសង់ «សារមន្ទីរជាតិពន្ធុវិទ្យា» ក្នុងខេត្ត ដើម្បីតម្កល់វត្ថុសិល្បៈ និងឧបករណ៍ប្រើប្រាស់នានាសម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវ និងទេសចរណ៍។៤. បន្តផ្សព្វផ្សាយតម្លៃវប្បធម៌ និងសិល្បៈជាតិដល់មហាជនឱ្យបានទូលំទូលាយ ជាពិសេសតាមរយៈបច្ចេកវិទ្យាឌីជីថល។ លោក អភិបាលរងខេត្ត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តសហការគ្នាដើម្បីលើកកម្ពស់វប្បធម៌ជាតិ ព្រោះវប្បធម៌គឺជាប្រភពនៃសន្តិភាព សុខដុមរមនា និងជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕