រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ “លើកទី១៩” ឆ្នាំ២០២៥ “
ខេត្តមណ្ឌលគិរី ៖នាសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ “លើកទី១៩” ឆ្នាំ២០២៥ “រួមគ្នាដើម្បីគ្មានអំពើជួញដូរមនុស្ស និងអំពើឬឆបោកតាមអនឡាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងអ្នកពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានមានប្រសាសន៍ថា ការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស (លើកទី១៩) ឆ្នាំ២០២៦ ក្នុងគោលបំណងប្រកាសផ្សព្វផ្សាយអំពីស្ថានភាព ប្រែប្រួលនៃបទល្មើសជួញដូរ និងបទល្មើសពាក់ព័ន្ធកលល្បិច ជនល្មើស បទពិសោធ នៃភាពរងគ្រោះ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងបទល្មើសពាក់ព័ន្ធដ៏ទៃទៀត ដែលបង្កឲ្យមានភាពស្មុគស្មាញ និងចាំបាច់ត្រូវរួមគ្នាដោះស្រាយ។ ឯកឧត្តម បានក្រើនរំលឹកដល់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងតាមបណ្តាសាលារៀន បន្តផ្សព្វផ្សាយ តាមរូបភាពផ្សេងៗ នូវសារដ៏មានសារសំខាន់ នៃទិវាជាតិ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើរបោកតាមអនឡាញ សម្រាប់ជាការជាការដាស់តឿនប្រជាពលរដ្ឋ បានយល់ដឹង និងចូលរួមបង្ការទប់ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស។ ទោះបីកន្លងមកខេត្តមណ្ឌលគិរីយើង ពុំទាន់កើតមានករណីអំពើជួញដូរមនុស្សនៅឡើយ ប៉ុន្តែផ្អែកលើរបាយការណ៍របស់គណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស គឺនៅកើតមានករណីផ្សេងៗ នៅឡើយ ដែលចាំបាច់ត្រូវតែសម្របសម្រួលដោះស្រាយ។
លោកស្រី កែវ សាវឿន អភិបាលរងខេត្ត បានឱ្យដឹងថា គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្ត ដោយមានមន្ទីរ អង្គភាពជំនាញ កងកម្លាំងមានសមត្ថកិច្ច នៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ច ការពារសុវត្ថិភាពមនុស្សជាតិ ព្រមទាំងពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសជាប់ព្រំដែន ទប់ស្កាត់ កុំឱ្យកើតមានករណីជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងខេត្ត និងចូលរួមសម្រេចនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ៕



