រដ្ឋបាលខេត្តមណ្ឌលគិរី បាននាំយកអំណោយជំនួយសប្បុរសធម៌នៅក្នុងខេត្ត ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានរបស់សៀម

គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងលោកជំទាវ ហេង លីដែន រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកអំណោយ និងសម្ភារៈចាំបាច់ ដែលទទួលបានពីការចូលរួមជួយឧបត្ថម្ភដោយទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី និងសប្បុរសជននានា ទៅប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងរដ្ឋបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃ គណៈអភិបាលខេត្ត ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួន ចេញពីលំនៅដ្ឋាន ដោយសារសង្រ្គាមឈ្លានពានរបស់សៀម នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីទាំងអស់ ដែលតែងតែបានខិតខំខ្នះខ្នែងកៀគរស្វែងរកមូលនិធិពីសប្បុរសជន មានបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនឯកជននានា បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួន ជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីជួយគាំទ្រដល់កងទ័ពជួរមុខ ក៏ជាប្រជាពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានរបស់សៀម។ ឯកឧត្តម បានបន្ថែមថា អំណោយស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់នានា របស់រដ្ឋបាលមណ្ឌលគិរី ជួយមករដ្ឋបាលខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក៏ដូចជាវីរកងទ័ពជួរមុខ ពិតជាមានសារសំខាន់ និងមានតម្លៃខ្លាំងណាស់ ខណៈយុទ្ធជនរបស់យើង បាននិងកំពុងឈរជើងនៅសមរភូមិមុខ ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលមណ្ឌលគិរី បានថ្លែងថា ការនាំយកអំណោយជំនួយសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យនាពេលនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការរួបរួមសាមគ្គីរវាងថ្នាក់ដឹកនាំ និងរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ក្នុងស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះបងប្អូនដែលកំពុងប្រឈមនឹងការលំបាក។ ឯកឧត្តម អភិបាលខេត្ត សូមគោរពជូនពរ និងអរគុណយុទ្ឋជនជាវីរកងទ័ព ដែលកំពុងឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារប្រជាពលរដ្ឋ ដែលយោធាសៀម កំពុងចូលមកឈ្លានពាន លើកដែនអធិបតេយ្យភាពកម្ពុជា ។

សូមបញ្ជាក់ថា ៖ អំណោយដែលរដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបានពីសប្បុរសជន ហើយបាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ រួមមាន ៖ អង្ករ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ និងថវិកា ក្នុងមួយខេត្តចំនួន ៥០លានរៀល ដោយឡែក រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានឧបត្ថម្ភអំណោយ និងថវិកាចំនួន ២០លានរៀល ផ្តល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ សម្រាប់បែងចែកជូនកងទ័ពដែលឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ប្រចាំទិសទី១ ខេត្តព្រះវិហារ ៕