រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព នាឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត លោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងព្រះសង្ឃជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានអានសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស នៃព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ នាឱកាសដ៏មហានក្ខត្តឬក្សឧត្ដុង្គឧត្តមវិសេសវិសាល និងជាមង្គលដ៏បវរមហាប្រសើរថ្លៃថ្លាបំផុត តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទសម្តែងថ្វាយនូវអំណរសាទរឥតឧបមា ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត សូមចូលរួមថ្វាយព្រះរាជសព្វសាធុកាពរជ័យ នៅក្នុងឱកាស នៃព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទ លំអោនកាយវាចារចិត្ត ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមថ្វាយព្រះពរចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គ នៅក្នុងព្រះរាជឋានៈនេះ បានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងបានបំពេញនូវព្រះរាជកិច្ចប្រកបដោយព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ដ៏ឧត្ដុង្គឧត្តម និង ព្រះរាជសកម្មភាពជាច្រើនក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច និងសុខមាលភាពសាធារណៈ ដោយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង បានប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុត សម្រាប់ចែកជូនប្រជារាស្ត្ររបស់ព្រះអង្គ ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬទ្ធីបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម”គោរាគៈទេវី និងព្រះបារមី នៃអតីតព្រះមហាក្សត្រ សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ សព្វសាធុកាពរជ័យគ្រប់ប្រការគោរពថ្វាយជូន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ បានសមប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខក្សេមក្សាន្តសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ ៕



