រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ឌឹម នី អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំមន្រ្តីរាជការ តំណាងក្រុមហ៊ុនសហគ្រាស និងបងប្អូនកម្មករនិយោជិត និយោជក ប្រមាណ ៥០០នាក់ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណក្រុមហ៊ុនប៊ិញហ្វឿកក្រចេះ រ៉ាប់បេី១ ខមភេនី លីមីធិត ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា នាថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥។
លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានខ្លឹមសារថា ដោយការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។ លោក អភិបាលរងខេត្ត បានរំលេច ពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងកម្ពុជាឱ្យក្លាយជាអរិយប្រទេសមួយ ដែលឆ្លើយតបនឹងលក្ខណសម្បត្តិចំនួន ៥ រួមមាន៖ ១. កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ២. កម្ពុជាជាប្រទេសមានចំណូលខ្ពស៍ និងមានសេដ្ឋកិច្ចធន់និងរឹងមាំ ៣. ប្រជាជន កម្ពុជាមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត ៤. ប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស និង ៥. កម្ពុជាមាន បរិស្ថានរូបវន្ត និងធម្មជាតិ ប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាព រវាងការអភិវឌ្ឍនិងការ អភិរក្សធនធានធម្មជាតិ។ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ ជាមួយគ្នានេះ ក្នុងត្រីមាស ទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស (កើនឡើងចំនួន ៤៥៧សហគ្រាស) ហើយចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួន ១ ៨១៦ ០៤៦នាក់ ដល់ចំនួន ១ ៨៤៦ ៨៣៧នាក់ (កើនឡើងចំនួន ៣០ ៧៩១នាក់)។
លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងខេត្តមានសហគ្រាស គ្រឹះស្ថាន សរុបចំនួន ២២១ សហគ្រាស ចែកចេញជា៣វិស័យធំៗគឺ៖ កសិកម្មមានចំនួន ១៥សហគ្រាស ឧស្សាហកម្មចំនួន ២៦សហគ្រាស និងសេវាកម្មចំនួន ១៨០សហគ្រាស ដែលមានកម្មករនិយោជិតសរុបចំនួន ៤,៣៦៣នាក់ ស្រីចំនួន ១,៥១៩នាក់ ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) មានសហគ្រាសដែល បានចុះបញ្ជីវិស័យឯកជនក្នុងខេត្តសរុបចំនួន ២៥១សហគ្រាស មានសមាជិកសរុប ៦,១៧៤ នាក់ស្រី ២,៣៧០នាក់។ លោក បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបងប្អូនកម្មករនិយោជិត ដោយមានអ្នកចុះឈ្មោះចូលរៀនចំនួន ៣៥០នាក់ សិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សាចំនួន ១៧៩នាក់ និងសិស្សទទួលបានការងារធ្វើចំនួន ៨២នាក់។ លោក បញ្ជាក់បន្ថែមថា សម្រាប់សិស្សដែលមកពីគ្រួសារក្រីក្រ មិនត្រឹម តែទទទួលបានការបណ្តុះបណ្តាល ដោយមិនគិតថ្លៃនោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺន រៀលក្នុង១ខែផងដែរ ដើម្បីរួមគ្នាជម្រុញកម្មវិធីបណ្តុះបណ្តាល និងមានការបត់បែនវេនបណ្តុះបណ្តាលតាមតម្រូវការ។
នាឱកាសនោះ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក៏បានឧបត្ថម្ភ អាវយឺត និងថវិកាមួយចំនួន ដល់បងប្អូនកម្មករនិយោជិត និយោជក ប្រមាណ ៥០០នាក់ រួមទាំងពិសាហារអាហារសាមគ្គីជាមួយសហការីផងដែរ៕
ស៉ីផុន ហ៊ុងគ្រី