រដ្ឋបាលខេត្តព្រះសីហនុ រៀបចំមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា

រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ដែលប្រព្រឹត្តទៅ
ព្រឹកថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការរណសិរ្សខេត្ត ព្រមទាំងមានការចូលរួមពីព្រះសង្ឃ និងសមាជិក សមាជិកា មកពីបណ្ដាក្រុង ស្រុកទាំង៦។

ឯកឧត្តម ម៉ាង ស៊ីណេត បានរំលឹកពីប្រវត្តិរណសិរ្ស ដែលបានចាប់កំណើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមឈ្មោះ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩។ ឯកឧត្តម បានបញ្ជាក់ថា អង្គមិទ្ទីងនាពេលនេះ មានគោលបំណងរំលឹកឡើង វិញនូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្សមិនត្រឹមតែសង្គ្រោះជាតិឱ្យចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការស្ដារ កសាង និងអភិវឌ្ឍន៍សង្គមជាតិគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជាមានការរីកចម្រើន ប្រកបដោយមោទកភាពជាទីបំផុត។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានរណសិរ្សខេត្ត បានស្នើឱ្យគណៈកម្មាធិការរណសិរ្សបន្តអនុវត្តការងារអាទិភាពចំនួន ៦ ចំណុច ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យឆ្នាំ២០៥០៖
១.ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព។
២. ពង្រឹង និងពង្រីករចនាសម្ព័ន្ធរណសិរ្ស តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»។
៣.អប់រំ និងបំផុសចលនាមហាជន ឱ្យគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល សំដៅសម្រេចបានចំណូលខ្ពស់នៅឆ្នាំ២០៥០។
៤.បន្តទប់ស្កាត់រាល់ឧបាយកលបំបែកបំបាក់សាមគ្គីជាតិ។
៥.ថែរក្សាឯកភាពផ្ទៃក្នុងរណសិរ្សឱ្យបានរឹងមាំ។
៦. ចូលរួមអនុវត្តគោលនយោបាយការទូត «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ»។