រដ្ឋបាលខេត្តព្រះសីហនុ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្វែងយល់ពីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ!
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ នៅតាមក្រុង/ស្រុកទាំង៦ គឺដើម្បីស្វែងយល់ពីបញ្ហាដែលនៅសេសសល់ និង រៀបចំគម្រោងអភិវឌ្ឍន៍បន្ត។ វេទិការនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក/លោកស្រីចៅសង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៊ីវិល អាជីវករ ព្រមទាំងសមាជិក សមាជិកា នៃអង្គវេទិកាដែលបានរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាដុនបូស្កូ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងវេទិការនេះ មានប្រជាពលរដ្ឋបានលើក ឡើងជាសំណួរនិងសំណូមពរដោយក្នុងនោះមាន៖ ការសាងសង់ និងជួសជុលផ្លូវ, បញ្ហាសំរាម, បញ្ហាដីធ្លី និងមិនទាន់បានទទួលប្លង់បញ្ហាសណ្ដាប់ធ្នាប់ ភូមិឃុំមានសុវត្ថិភាព ការកសាងពង្រីកផ្លូវ និងប្រព័ន្ធអូរ ប្រឡាយ ការគ្រប់គ្រងសំរាមជាដើម។
នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមករដ្ឋបាលក្រុង/ខេត្ត បានធ្វើការអភិវឌ្ឍពង្រីកផ្លូវថ្នល់ ទៅតាមនិយាមការលើកគម្រោងសកម្មភាពវិនិយោគរបស់ខេត្ត ហើយ សម្រាប់ដំណើរការអភិវឌ្ឍឆ្នាំ២០២៦ និងផែនការគម្រោងវិនិយោគ ៣ឆ្នាំរំកិល ដែលគណៈអភិបាលក្រុង ស្រុក ខេត្តបានអនុវត្តកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ក៏ដូចជាកញ្ចប់ថវិកាចំណូលរបស់ខេត្តប្រើប្រាស់ក្នុងការបើកប្រាក់ បៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងដំណើរការចរន្តការងាររបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍមូលដ្ឋានមានដូចជា ការងារសង្គម ការងារសុខាភិបាល និងកិច្ចគាំពារសង្គមជាដើម។ ម្យ៉ាងទៀតការបើកវេទិកាសាធារណនាពេលនេះ គឺដើម្បីចង់ឈ្វេងយល់អំពីសំណូមពរ និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង ដើម្បីប្រមូលធាតុចូលយកមកអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការចូលរួមកែលម្អ អភិវឌ្ឍ ប្រកបដោយប្រសិទ្ធិភាព ហើយកែលម្អរបំពេញបន្ថែមនូវចំណុចខ្វះខាតនៅពេលខាង មុខ ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានទទួលយកសំណូមពររបស់អ្នកចូលរួមដែលបានស្នើសុំខាងលើ និងដោះស្រាយកង្វល់របស់មូលដ្ឋានដោយបានឱ្យមន្ទីរអង្គភាព អាជ្ញាធរក្រុង សង្កាត់ មន្ត្រីជំនាញ និងបងប្អូនប្រជាពលរដ្ឋចូលរួមសិក្សារួមគ្នាគ្រប់គ្រងសោភ័ណភាព អនាម័យបរិស្ថាន ដើម្បីភាពស្អាតបញ្ចៀសនូវការបោះចោលសំរាមនៅតាមអូរ ប្រឡាយបង្កឱ្យមាន ការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។ ឯកឧត្តម បានបញ្ជាក់ថា រដ្ឋបាលខេត្ត មិនអនុញ្ញាតឱ្យមានសំណង់អនាធិបតេយ្យកើតមាននៅលើដីសាធារណៈរបស់រដ្ឋនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនោះទេ ព្រោះធ្វើឱ្យបាត់បង់សោភ័ណភាព បរិស្ថានក្រុង/ខេត្តព្រះសីហនុរបស់យើង ហើយចំពោះបញ្ហាគ្រឿងញៀនសូមឱ្យឯកឧត្តម ស្នងការដ្ឋាននគរបាលខេត្ត និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវចុះចាញ់វិធានការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀននៅក្នុងសង្កាត់លេខ៣ និងក្រុងព្រះសីហនុទាំងមូល ឱ្យបានជាប្រចាំព្រមទាំងដាក់ប៉ូនគរបាល និងប៉ូកងរាជអាវុធហត្ថនៅទីតាំងនោះតែម្ដង ហើយក្នុងករណីគ្រឿងញៀននេះត្រូវអនុវត្ត និងបង្ក្រាបឱ្យដូចភ្លៀងរលឹម៕



