រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល ដើម្បីទទួលសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ខេត្តព្រះសីហនុ៖ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត យ៉ាងសមោឡារិក ដើម្បីបណ្តេញឧបទ្រពចង្រៃ និងប្រសិទ្ធពរជ័យសិរីសួស្តីជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្ត។

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ពិធីសាសនានេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តព្រមទាំងមន្ត្រីរាជការយ៉ាងច្រើន ដើម្បីជួបជុំគ្នាធ្វើបុណ្យទានតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ពិធីចម្រើនព្រះបរិត្ត បាននិមន្តព្រះសង្ឃសូត្រមន្តដើម្បីបណ្តេញគ្រោះចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវជ័យមង្គល វិបុលសុខគ្រប់ប្រការសម្រាប់ឆ្នាំថ្មី ឆ្នាំមមី។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ជាពិសេសទេវតាឆ្នាំថ្មី ដែលនឹងចុះមកថែរក្សាភពផែនដី សូមតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ វីរៈយុទ្ធជនការពារទឹកដី មន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់រូប ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តក្នុងខេត្តព្រះសីហនុឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ទទួលបាននូវភាពសប្បាយរីករាយ និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែង។

“ពិធីនេះមិនត្រឹមតែជាការគោរពតាមទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីសាមគ្គីភាព និងស្មារតីរួមគ្នាក្នុងការត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មី ជាមួយនឹងសង្ឃឹម និងសិរីសួស្តីថ្មីសម្រាប់ខេត្តតំបន់ឆ្នេរមួយនេះផងដែរ។”

 

អត្ថបទ:ស្រីមុំ