រដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ បានបើកកិច្ចពិភាក្សា រៀបចំសម្តែងសិល្បៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។

្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំកម្មវិធីសម្តែងសិល្បៈ សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ត។
កិច្ចប្រជុំនេះ មានការចូលរួមដឹកនាំដោយលោកស្រី ណៃ សាលី នាយិការងរដ្ឋបាលសាលាខេត្ត ព្រមទាំងមានវត្តមានថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធជាច្រើន។
ក្នុងអង្គប្រជុំ មន្ត្រីចូលរួមបានពិភាក្សាយ៉ាងលម្អិតលើផែនការរៀបចំកម្មវិធីសម្តែងសិល្បៈ ដែលរួមមាន ការរៀបចំឆាក ការតុបតែងទីតាំង ការជ្រើសរើសកម្មវិធីសិល្បៈបុរាណ និងសម័យ ការចូលរួមរបស់ក្រុមសិល្បៈក្នុងមូលដ្ឋាន និងការរៀបចំកាលវិភាគសម្តែងឲ្យមានភាពច្បាស់លាស់។ ជាមួយនេះ ក៏បានពិភាក្សាអំពីការសម្របសម្រួលផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខាភិបាល បរិស្ថាន និងការគ្រប់គ្រងចរាចរណ៍ ដើម្បីធានាឲ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់។
លើសពីនេះ អង្គប្រជុំក៏បានលើកឡើងអំពីការផ្សព្វផ្សាយ និងផ្សារភ្ជាប់កម្មវិធីសិល្បៈជាមួយសកម្មភាពទេសចរណ៍ ដូចជា  ការរៀបចំតំបន់កម្សាន្ត និងសកម្មភាពល្បែងប្រជាប្រិយ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
កិច្ចពិភាក្សានេះ មានគោលបំណងធានាឲ្យការរៀបចំព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយជោគជ័យ មានរបៀបរៀបរយ និងបង្កើនភាពរស់រវើកដល់វិស័យវប្បធម៌ និងទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕

ខ្លឹមសារ៖ សុផារ
រូបភាព៖ ស៊ីថាត់