រដ្ឋបាលខេត្តព្រះសីហនុ ប្តេជ្ញាលុបបំបាត់ការជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស
(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីអបអរសាទរ “ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៥” ក្រោមប្រធានបទ «រួមគ្នាដើម្បីគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ»។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារកិត្តិយស និងមុខមាត់ប្រទេសជាតិលើឆាក អន្តរជាតិ។ ឯកឧត្តមក៏បានកោតសរសើរដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ច ដែលបានខិតខំប្រយុទ្ធប្រឆាំង បង្ក្រាប និងសង្គ្រោះជនរងគ្រោះដោយមិនខ្លាចនឿយហត់។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅសំខាន់ៗចំនួន ៤ ចំណុច៖
១.ពង្រឹងសមត្ថភាពមន្ត្រី៖ លើកទឹកចិត្តគ្រប់មន្ទីរ-អង្គភាព ឱ្យបន្តកែលម្អរបៀបរបបការងារ និងសមត្ថភាពមន្ត្រីក្រោមឱវាទ។
២.កិច្ចសហការជិតស្និទ្ធ៖ ជម្រុញការអនុវត្តផែនការប្រចាំឆ្នាំ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។
៣.តាមដាន និងវាយតម្លៃ៖ ត្រូវមានការវាស់វែងលទ្ធផលការងារឱ្យបានច្បាស់លាស់តាមខែ ត្រីមាស និងឆ្នាំ។
៣.គ្រប់គ្រងការធ្វើចំណាកស្រុក៖ ពង្រឹងសុវត្ថិភាពលំហូរចំណាកស្រុកនៅតាមមូលដ្ឋាន និងបង្កើតឱកាសការងារក្នុងស្រុក ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។
ឯកឧត្តម ម៉ាង ស៊ីណេត បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរ វិស័យឯកជន យុវជន និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្តេជ្ញាចិត្តប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសក្នុងយុគសម័យឌីជីថល។ លោកបានសង្កត់ធ្ងន់លើការបង្កើនចំណេះដឹងផ្នែកសុវត្ថិភាពបច្ចេកវិទ្យា ដើម្បីការពារខ្លួន និងសង្គមជាតិពីការកេងប្រវ័ញ្ច និងបទល្មើសឧក្រិដ្ឋផ្សេងៗ។
អត្ថបទ៖ ម៉ារ៉ាឌី



