រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យឯកសារដេញថ្លៃគម្រោង «ចំណតឆ្លាតវៃ» កម្ពស់ ១២ជាន់ តម្លៃប្រមាណ ១២លានដុល្លារ!

ក្រុងព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក ហង្ស វុទ្ធិការ អគ្គនាយករងនៃអគ្គនាយកដ្ឋានភាពជាដៃគូរដ្ឋ និងឯកជន (PPP) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំមួយ នាព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិនិត្យលើសំណើឯកសារដេញថ្លៃសម្រាប់គម្រោង “ចំណតឆ្លាតវៃក្រុងព្រះសីហនុ” (Sihanoukville Smart Parking)។

គម្រោងនេះនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ៣,៥៧៤ ម៉ែត្រការ៉េ ស្ថិតនៅភូមិ១ សង្កាត់លេខ២ (ទល់មុខផ្សារលើ) ដែលជាកម្មសិទ្ធិរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយគ្រោងចំណាយទុនវិនិយោគ៖ ប្រមាណ ១២ លានដុល្លារអាមេរិក ហើយរចនាសម្ព័ន្ធអគារ ជាអគារពហុមុខងារកម្ពស់ ១២ ជាន់ ចែកចេញជា៖
• ៦ ជាន់សម្រាប់ចំណតឆ្លាតវៃ៖ អាចផ្ទុកឡាន ២៥០ គ្រឿង, ម៉ូតូ ៧៥០ គ្រឿង និងម៉ូតូកង់បី ៣០ គ្រឿង។
• ៦ ជាន់សម្រាប់ពាណិជ្ជកម្ម៖ រួមមានតូបអាជីវកម្ម, ការិយាល័យ, ភោជនីយដ្ឋាន និងកន្លែងកម្សាន្ត។
• រយៈពេលសម្បទាន (PPP)៖ សរុប ២៨ ឆ្នាំ (៣ ឆ្នាំសម្រាប់ការសាងសង់ និង ២៥ ឆ្នាំសម្រាប់ប្រតិបត្តិការ និងថែទាំ)។

រដ្ឋបាលខេត្តបានសហការជាមួយក្រុមហ៊ុនទីប្រឹក្សា CRISIL Limited របស់ឥណ្ឌា ដើម្បីអនុវត្តការងារជាពីរដំណាក់កាល រួមមានការសិក្សាសមិទ្ធិលទ្ធភាពពេញលេញ និងការរៀបចំកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជន។ គម្រោងនេះធ្វើឡើងដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រប្រែក្លាយខេត្តព្រះសីហនុ ទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”។

លោក ហង្ស វុទ្ធិការ បានបញ្ជាក់ថា គម្រោងនេះនឹងជួយកាត់បន្ថយការចតយានយន្តអនាធិបតេយ្យ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតំបន់ផ្សារលើ។ លើកកម្ពស់សោភ័ណភាព និងអនាម័យទីក្រុង។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ឱ្យក្រុមការងារបច្ចេកទេស សិក្សាលើតម្លៃសេវាចតឱ្យបានសមរម្យ។ លោកបានព្រមានថា ប្រសិនបើតម្លៃខ្ពស់ពេក សាធារណជននឹងមិនចូលប្រើប្រាស់ ដែលនាំឱ្យខាតបង់ទាំងរដ្ឋ និងឯកជន ដូច្នេះការកំណត់តម្លៃត្រូវតែសមាមាត្រទៅនឹងស្ថានភាពទីផ្សារបច្ចុប្បន្ន។

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី