រដ្ឋបាលខេត្តព្រះសីហនុ សម្រេចឱ្យពង្វៀងប្រឡាយអូរវាលស្បូវ ដើម្បីសាងសង់អាងចម្រោះទឹក ស្អាតតាមស្តង់ដារ !

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពីសំណើរបស់ក្រុមហ៊ុន គូ ប៊ុន (ខេមបូឌា) បាយអូថេកណឡូជី .ក ដែលស្នើសុំពង្វៀងប្រឡាយទឹក (អូរវាលស្បូវ) ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់។

តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ការស្នើសុំពង្វៀងប្រឡាយនេះ គឺដើម្បីរៀបចំ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ថ្មី ឱ្យស្របតាមស្តង់ដារបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត។ វិធានការនេះធ្វើឡើងដើម្បីបញ្ឈប់ការបង្ហូរទឹកកខ្វក់ដែលធ្លាប់បង្កផលប៉ះពាល់ដល់បរិស្ថាននៅក្នុង ព្រែកកំពង់ស្មាច់ នាពេលកន្លងមក។

ក្រោយពីបានស្តាប់ការលើក ឡើងរបស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អង្គប្រជុំបានសម្រេចដូចខាងក្រោម៖

• ការឯកភាព៖ ឯកឧត្តមអភិបាលខេត្ត បានសម្រេចឯកភាពលើសំណើសុំពង្វៀងប្រឡាយអូរវាលស្បូវ ក្នុងគោលដៅលើកកម្ពស់អនាម័យបរិស្ថាន។

• ការណែនាំបច្ចេកទេស៖ ឯកឧត្តមបានណែនាំដល់មន្ទីរធនធានទឹក និងអាជ្ញាធរស្រុកព្រៃនប់ ត្រូវសហការតាមដានការជីកពង្វៀងនេះយ៉ាងម៉ឺងម៉ាត់។

ដើម្បីធានាបាននូវប្រសិទ្ធភាពយូរអង្វែង ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់លើចំណុចចំនួន ២៖

១.ទំហំសមាមាត្រ៖ ប្រឡាយថ្មីត្រូវតែមានទំហំ និងសមត្ថភាពនាំទឹកស្មើ ឬធំជាងប្រឡាយចាស់។

២. ការបង្ការគ្រោះទឹកជំនន់៖ ត្រូវធានាឱ្យបាននូវលំហូរទឹកប្រកបដោយប្រសិទ្ធភាពទាំងក្នុងរដូវប្រាំង និងរដូវវស្សា ដើម្បីជៀសវាងការលិចលង់ប៉ះពាល់ដល់ការរស់នៅ និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ។

សម្រួលអត្ថបទ៖ម៉ារ៉ាឌី