រដ្ឋបាលខេត្តព្រះសីហនុ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សួរសុខទុក្ខវីរកងទ័ពជួរមុខ ទិសខេត្តឧត្តរមានជ័យ

TVK App

គណៈប្រតិភូ ខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ការជួបសំណេះសំណាលនេះត្រូវបានរៀប ចំ ឡើងនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម មាន យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំនូវមនោសញ្ចេតនា និងទឹកចិត្តអាណិតស្រឡាញ់ពីសំណាក់មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅសមរភូមិក្រោយបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃក្នុងការវេចខ្ចប់ស្បៀងអាហារ និងសម្ភារ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិដ៏រឹងមាំ។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់លើកត្តា ៤ យ៉ាងដើម្បីឱ្យប្រទេសជាតិខ្លាំង៖
1. វីរកងទ័ពខ្លាំង
2. ថ្នាក់ដឹកនាំខ្លាំង
3. សេដ្ឋកិច្ចខ្លាំង
4. ប្រជាពលរដ្ឋមានសាមគ្គីភាព និងសមត្ថភាពខ្ពស់។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅប្រែក្លាយតំបន់ព្រំដែនឱ្យទៅជា «ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ» ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ដោយមិនចង់ឱ្យមានការបាត់បង់អាយុជីវិតកងទ័ព ឬប្រជាពលរដ្ឋឡើយ។
អំណោយឧបត្ថម្ភ និងការដឹងគុណ
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តព្រះសីហនុ និងបានប្តេជ្ញាចិត្តអនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដីឱ្យបានដាច់ខាត។
សម្ភារដែលបានឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ និងកងពលតូចអន្តរាគមន៍លេខ៤ រួមមាន៖
• ស្បៀងអាហារ៖ អង្ករ ១២តោន, មី ៤០០កេស, ត្រីខ ៦០យួ, គ្រឿងឧបភោគបរិភោគចម្រុះជាច្រើនមុខ (ប្រហុកខ្ទិះ, ត្រីងៀត, ត្រីចំហុយ…)។
• សម្ភារបច្ចេកទេស៖ ម៉ូតូ ៥០គ្រឿង, ស៊ីទែនទឹកចំណុះ ៣,០០០លីត្រ (១០ធុង), ម៉ាសបន្សុតផ្សែង និងវ៉ែនតាការពារផ្សែង។
• សម្ភារប្រើប្រាស់៖ តង់, ពូក, មុង, ភួយ, ក្រម៉ា និងភេសជ្ជៈ។
• ថវិកាឧបត្ថម្ភ៖ ចំនួន ៤៥លានរៀល។

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី