រដ្ឋបាលខេត្តព្រះសីហនុ រៀបចំដំណើរកម្សាន្តជូនក្រុមកីឡាករគុនខ្មែរអន្តរជាតិមកពី ២០ប្រទេស ទស្សនកិច្ចកម្សាន្តនៅ«ឆ្នេរឋានសួគ៌»នៃក្រុងកោះរ៉ុង
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដំណើរកម្សាន្តដ៏ពិសេសមួយ ជូនដល់ប្រតិភូ និងក្រុមកីឡាករប្រដាល់គុនខ្មែរអន្តរជាតិលើកទី៦ ដែលអញ្ជើញមកពី ២០ប្រទេសជុំវិញពិភពលោក ដើម្បីទៅសម្រាកកម្សាន្ត និងទស្សនាសម្រស់ធម្មជាតិដ៏វិសេសវិសាលនៃក្រុងកោះរ៉ុងខេត្តព្រះសីហនុ។
បទពិសោធន៍ដ៏អស្ចារ្យនៅឆ្នេរខ្សាច់សក្បុស
ដំណើរកម្សាន្តរយៈពេលមួយថ្ងៃពេញនេះ បាននាំក្រុមកីឡាករអន្តរជាតិទៅកាន់ «ឆ្នេរឋានសួគ៌» (Long Beach) ដែលជាមរកតដ៏មានតម្លៃបំផុតនៃក្រុងកោះរ៉ុង។ទីនេះត្រូវបានគេស្គាល់ថាជាឆ្នេរខ្សាច់សក្បុសមានប្រវែងវែងអន្លាយ ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងមានខ្យល់អាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ការសម្រាកកម្សាន្តបន្ទាប់ពីបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញ។
ដំណើរកម្សាន្តនេះមិនត្រឹមតែជាការផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រមួយក្នុងការបង្ហាញទៅកាន់ពិភពលោកនូវសម្រស់ធម្មជាតិពិតៗនៃកោះរ៉ុង ដែលជាគោលដៅទេសចរណ៍លំដាប់ពិភពលោក បង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់រដ្ឋបាលខេត្ត និងប្រជាជនកម្ពុជា ទៅកាន់ភ្ញៀវអន្តរជាតិ។
ជំរុញឱ្យក្រុមកីឡាករទាំង ២០ប្រទេស ក្នុងការនាំយកព័ត៌មាន និងរូបភាពស្អាតៗពីកម្ពុជាទៅកាន់ប្រទេសរបស់ពួកគេវិញ។
ក្រុមកីឡាករអន្តរជាតិបានបង្ហាញក្ដីរំភើបយ៉ាងខ្លាំង ចំពោះសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល និងសន្តិសុខសណ្តាប់ធ្នាប់ដ៏ល្អប្រសើរនៅក្នុងក្រុងកោះរ៉ុង។ ពួកគេបានចាត់ទុកកម្ពុជាថា ជាប្រទេសដែលមានសក្ដានុពលខ្ពស់ មិនត្រឹមតែលើវិស័យកីឡាគុនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើវិស័យទេសចរណ៍សមុទ្រទៀតផង។
គួរបញ្ជាក់ថា ការរៀបចំដំណើរកម្សាន្តនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ាង ស៊ីណេត ក្នុងការជំរុញឱ្យខេត្តតំបន់ឆ្នេរមួយនេះ ក្លាយជាមជ្ឈមណ្ឌលនៃព្រឹត្តិការណ៍កម្រិតអន្តរជាតិជាបន្តបន្ទាប់។
កោះរ៉ុងគឺជាឋានសួគ៌ក្រោមមេឃដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ និងជាគោលដៅទេសចរណ៍តំបន់ឆ្នេរដ៏ពេញនិយមបំផុតមួយនៅកម្ពុជា ក៏ដូចជាក្នុងតំបន់។ភ្ញៀវអាចមកសម្រាកលម្ហែរប្រកបដោយផាសុកភាព និងសុវត្ថិភាពបំផុត ទទួលទានម្ហូបអាហារសមុទ្រស្រស់ៗដ៏មានរស់ជាតិ និងចូលរួមសកម្មភាពកម្សាន្តជាច្រើននៅតាមតំបន់ឆ្នេរសមុទ្រ។
កោះរ៉ុងមានផ្ទៃក្រឡាប្រមាណ ៧៨ គីឡូម៉ែត្រការ៉េ (ជាកោះធំជាងគេទីពីរនៅកម្ពុជា)។កោះនេះមានភូមិចំនួន ៤ គឺ ភូមិកោះតូច ភូមិដើមថ្កូវ ភូមិព្រែកស្វាយ និងភូមិសុខសាន្ត។
សម្រស់ឆ្នេរខ្សាច់ កោះរ៉ុងល្បីល្បាញដោយសារមានតំបន់ធម្មជាតិដ៏ទាក់ទាញដូចជាទេសភាពធម្មជាតិស្រស់ត្រកាលនិងមានខ្យល់អាកាសបរិសុទ្ធ ទឹកជ្រោះ ឧទ្យានព្រៃកោងកាងដ៏ស្រស់ស្អាត ឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រថ្លាឆ្វេង និងមានឧទ្យានបាត សមុទ្រសម្បូរដោយជីវៈចម្រុះដ៏ទាក់ទាញ មានឆ្នេរល្បីៗជាច្រើន ដូចជា
ឆ្នេរកោះរ៉ុង ( Koh Rong Beach/4K Beach) មានខ្សាច់សក្បុស និងស្ងប់ស្ងាត់ ល្អសម្រាប់ការហែលលេង។
ឆ្នេរសុខសាន្ត (Sok San Beach) មានប្រវែងវែងជាងគេ (ប្រហែល ៧ គីឡូម៉ែត្រ) មានភាពស្ងប់ស្ងាត់ និងប្រណីត។
ឆ្នេរកោះតូច (Koh Touch): ជាឆ្នេរសហគមនាគមន៍មូលដ្ឋាន មានសកម្មភាពអាជីវកម្មរស់រវើក សម្បូរទៅដោយបារ ភោជនីយដ្ឋាន និងសកម្មភាពសប្បាយៗនៅពេលយប់។
នៅពេលយប់ងងឹត អ្នកអាចមើលឃើញពន្លឺភ្លើងតូចៗនៅក្នុងទឹកសមុទ្រ (Phytoplankton) ដែលជាចំណុចទាក់ទាញបំផុត។
កោះរ៉ុងមានចម្ងាយពីក្រុងព្រះសីហនុ ប្រហែល ២៥ ទៅ ៣០ គីឡូម៉ែត្រ ពីកំពង់ផែក្រុងព្រះសីហនុ។
ភ្ញៀវអាចធ្វើដំណើរតាមកាណូតល្បឿនលឿន (Speed Boat )ដោយចំណាយពេលប្រហែល ៣៥-៤៥ នាទី ឬ ១ ម៉ោង (អាស្រ័យលើអាកាសធាតុ និង ចំងាយកោះ)។
ចំពោះការស្នាក់នៅលើកោះភ្ញៀវមានជម្រើសច្រើនទៅតាមប្រភេទសេវាស្នាក់នៅដូចជា ផ្ទះសំណាក់/Bungalow ធម្មតា
Resort កម្រិតមធ្យ រមណីយដ្ឋាន ប្រណីត (Luxury Resort )។
អត្ថបទ៖មន្ទីរព័ត៌មានខេត្តព្រះសីហនុ



