រដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យ ទីតាំងស្នើសុំបង្កើតផែពោងបណ្តែតទឹក និងសកម្មភាពកីឡាកម្សាន្ត នៅតំបន់ព្រែកទឹកសាប ក្រុងកំពង់សោម
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩
ខែមករា ឆ្នាំ២០២៦ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ រួមជាមួយលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងស្នើសុំរៀបចំ “ផែពោងបណ្តែតទឹក និងសកម្មភាពកីឡាកម្សាន្តលើទឹក” ដែលស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម។
ក្នុងឱកាសចុះពិនិត្យនោះ លោក ឯម ភាព បានបញ្ជាក់ថា រដ្ឋបាលខេត្តមានគោលការណ៍ ឯកភាព និងគាំទ្រ ចំពោះគម្រោងអភិវឌ្ឍន៍ទេសចរណ៍ថ្មីនេះ។ ជាមួយគ្នានោះ លោកអភិបាលរងបានដាក់ចេញនូវការណែនាំសំខាន់ៗដូចជាស្នើឱ្យមន្ត្រីជំនាញ សិក្សាឱ្យបានច្បាស់លាស់ពីផលប៉ះពាល់ផ្សេងៗ និងជួយសម្រប សម្រួលដល់ម្ចាស់ទីតាំង ដើម្បីរៀបចំបរិស្ថានឱ្យស្របតាមស្តង់ដា និងបានណែនាំឱ្យម្ចាស់អាជីវកម្មពន្លឿនការស្នើសុំច្បាប់អនុញ្ញាតទៅអង្គភាពពាក់ព័ន្ធ ដើម្បីធានាថាដំណើរការអាជីវកម្មប្រព្រឹត្តទៅដោយ ស្របច្បាប់។
យោងតាមការបញ្ជាក់ពីគម្រោងទេសចរណ៍ «Toeksab Nature Table» លោក តាយ ប៊ុនថុង ម្ចាស់អាជីវកម្មតំបន់ទេសចរណ៍ ទឹកសាប នេតឈឺរ៉ល ថេបបល (Toeksab Nature Table) បានឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមសាងសង់តាំងពីខែមករា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
គម្រោងនេះនឹងបើកដំណើរការសាកល្បង (Soft Opening) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។
ក្នុងនោះការមានបម្រើជូនដល់អតិថិជននូវ កាហ្វេ អាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ ហើយអាហារដ្ឋាននេះដែរ ផ្តោតសំខាន់លើអាហារបែបអឺរ៉ុប និង “អាហារសុខភាព” ដែលចម្អិនពីបន្លែ ត្រី សាច់ បែបធម្មជាតិស្រស់ៗ ដោយចុងភៅដែលមានបទពិសោធន៍ខ្ពស់ និងថ្វីដៃច្បាស់លាស់។
គម្រោងនេះនឹងក្លាយជាផលិតមផលទេសចរណ៍ថ្មីមួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់រាម ក៏ដូចជាខេត្តព្រះសីហនុទាំងមូល តាមរយៈការកម្សាន្តលើផ្ទៃទឹក និងការទទួលទានអាហារបែបធម្មជាតិ៕



