រដ្ឋបាលខេត្តព្រះសីហនុ វាយតម្លៃខ្ពស់ចំពោះតួនាទី «ស្ត្រីជាឆ្អឹងខ្នង» ក្នុងកិច្ចអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ជួរក្រោយ
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្នុងរបាយការណ៍ស្វាគមន៍ លោកជំទាវ គីម សុភ័ក្រ្ត ប្រធានគណៈកម្មការកិត្តិយសសមាគមនារីខេត្ត បានគូសបញ្ជាក់ពីជោគជ័យពេញមួយឆ្នាំកន្លងមក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។ លោកជំទាវបានសង្កត់ធ្ងន់ថា ស្ត្រីគឺជាតួអង្គដ៏សំខាន់ និងជា «ឆ្អឹងខ្នង» នៃអភិវឌ្ឍន៍ជាតិ។ចំណុចលេចធ្លោបំផុតក្នុងឆ្នាំ២០២៥ គឺការចូលរួមរបស់ក្រុមចលនាស្ត្រីក្នុងនាមជា «កងទ័ពជួរក្រោយ» ដើម្បីគាំទ្រកងទ័ពជួរមុខក្នុងស្ថានភាពបញ្ហាព្រំដែនជាមួយភាគីថៃ។ សមាគមបានកៀងគរថវិកា សម្ភារ និងស្បៀងអាហារ ជូនដល់វីរកងទ័ព និងប្រជាជនភៀសសឹក ព្រមទាំងចុះសួរសុខទុក្ខភរិយាកងទ័ពនៅមូលដ្ឋានសមុទ្ររាមដោយផ្ទាល់។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានសម្ដែងការកោតសរសើរចំពោះសកម្មភាពមនុស្សធម៌ដែលមិនប្រកាន់បក្សពួក និងការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះ រួមមានស្ត្រី កុមារ និងចាស់ជរា។ ឯកឧត្តមបានកត់សម្គាល់ថា សមាគមនារីបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកសុខភាព ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការប្រឆាំងការជួញដូរមនុស្ស ដែលជាគ្រឹះនៃសហគមន៍មានសុវត្ថិភាព។
ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវអនុសាសន៍សំខាន់ៗចំនួន ៦ ចំណុច៖
១.ពង្រីកការងារមនុស្សធម៌៖ បន្តចុះជួយគ្រួសារក្រីក្រ និងជនងាយរងគ្រោះតាមមូលដ្ឋានឱ្យកាន់តែទូលំទូលាយ។
២. ផ្សព្វផ្សាយសិទ្ធិស្ត្រី និងកុមារ៖ យកចិត្តទុកដាក់លើសុខភាពមាតា និងទារក ព្រមទាំងការពារអំពើហិង្សាគ្រប់ទម្រង់។
៣.អភិវឌ្ឍសមត្ថភាព៖ បណ្តុះបណ្តាលជំនាញ និងបំណិនជីវិតដល់នារី ដើម្បីបង្កើនសក្ដានុពលសេដ្ឋកិច្ចគ្រួសារ។
៤.បំផុសចលនាយុវនារី៖ ជំរុញឱ្យស្ត្រីជំនាន់ក្រោយចូលរួមការងារសង្គម ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។
៥.គាំទ្រយុទ្ធសាស្ត្ររាជរដ្ឋាភិបាល៖ ផ្សព្វផ្សាយ និងអនុវត្តតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
៦.ពង្រឹងសាមគ្គីភាព៖ រក្សាឯកភាពផ្ទៃក្នុង និងពង្រឹងភាពអង់អាចរបស់ស្ត្រីក្នុងស្ថាប័ន។
សន្និបាតបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងពោរពេញដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបម្រើសង្គមជាតិ និងលើកកម្ពស់តម្លៃស្ត្រីកម្ពុជាឱ្យកាន់តែលេចធ្លោថែមទៀត៕
អត្ថបទ ៖ ម៉ារ៉ាឌី



