រដ្ឋបាលខេត្តព្រះសីហនុ ផ្តួចផ្តើមរៀបចំបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងអគារសម្ភពមណ្ឌលសុខភាពក្នុងខេត្តព្រះសីហនុ
រសៀលថ្ងៃអាទិត្យទី៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត និងលោកជំទាវ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានរៀបចំបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងអគារសម្ភពមណ្ឌល សុខភាពក្នុងខេត្តព្រះសីហនុ នៅខាងមុខវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមើលឃើញនូវកង្វះខាតនូវអគារសម្ពពសម្រាប់មណ្ឌលសុខភាពមួយចំនួនក្នុងខេត្តព្រះសីហនុ ទើបឯកឧត្តម បានសម្រេចផ្តួចផ្តើមរៀបចំបុណ្យផ្កាប្រាក់មហាសាមគ្គីនេះឡើង ដើម្បីប្រមូលបច្ច័យ ដើម្បីយកទៅកសាងអគារសម្ភពនៅតាមមណ្ឌល សុខភាពមួយចំនួន ដែលពុំទាន់មានអគារសម្ភពដាច់ដោយឡែក ព្រោះអគារសម្ភព ត្រូវសាងសង់ដាច់ចេញ ពីអគារអ្នកជំងឺផ្សេងៗ ម្យ៉ាងទៀតអគារសម្ភពនេះ ជួយការពារ ទារកដែលកើតមកត្រូវការសុខភាពល្អ មិនមានការឆ្លងនូវជំងឺផ្សេងៗ ប្រសិនបើអគារសម្ភពនៅជាមួយអគារជំងឺផ្សេងៗទារកនឹងងាយឆ្លងនូវជំងឺឆ្លងៗជាច្រើនផ្សេងទៀត ព្រោះទារកត្រូវការសុខភាពល្អនៅពេលសម្រាលរួច ។



