រដ្ឋបាលខេត្តព្រះសីហនុ នាំយកអំណោយសប្បុរសធម៌សួរសុខទុក្ខវីរកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈ ប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់វីរកងទ័ពជួរមុខចំនួន ៥ អង្គភាព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ ក្នុងឱកាសសំណេះសំណាលជាមួយមេបញ្ជាការរងកងពល និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវទឹកចិត្តសាមគ្គីភាពយ៉ាងជ្រាលជ្រៅពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានរួមគ្នាលះបង់កម្លាំងកាយចិត្ត វេចខ្ចប់ស្បៀងអាហារទាំងយប់អាធ្រាត្រ ដើម្បីគាំទ្រដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
ឯកឧត្តមបានបញ្ជាក់ពីទស្សនៈវិស័យពង្រឹងជាតិថា៖«ដើម្បីឱ្យជាតិខ្លាំង គឺត្រូវមានកងទ័ពខ្លាំង ថ្នាក់ដឹកនាំ និងប្រជាជនខ្លាំង សេដ្ឋកិច្ចខ្លាំង និងការពង្រឹងសមត្ថភាពចំណេះដឹងជាប្រចាំ។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពកងទ័ព ដើម្បីឱ្យពួកគាត់មានឱកាសការពារទឹកដី និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបង្កើនសេដ្ឋកិច្ចជាតិ។»
ជាការឆ្លើយតប ឯកឧត្តម គីម រុទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលតែងតែយកចិត្តទុកដាក់ជួយសម្រាលបន្ទុករបស់ខេត្តជាប់ព្រំដែន តាមរយៈការផ្ដល់ស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកា ជាបន្តបន្ទាប់នាពេលកន្លងមក។
អំណោយឧបត្ថម្ភជូនដល់ ៥ អង្គភាព
អង្គភាពដែលទទួលបានអំណោយរួមមាន៖ កងពលធំអន្តរាគមន៍លេខ៣, កងពលតូចលេខ៣, លេខ៨, លេខ៩ និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ។ អំណោយក្នុងមួយអង្គភាពៗទទួលបាន៖
• ស្បៀងអាហារ៖ អង្ករ ៦តោន, មី ២០០កេស, ត្រីខ ៣០យួរ, ត្រីងៀត, ត្រីចំហុយ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។
• សម្ភារបច្ចេកទេស និងប្រើប្រាស់៖ ម៉ូតូ ២០គ្រឿង, ស៊ីទែនទឹក ៣,០០០លីត្រ, ម៉ាស និងវ៉ែនតាកាពារផ្សែង, តង់, និងឈុតមុងភួយ។
• ថវិកាឧបត្ថម្ភ៖ ចំនួន ៤៥ លានរៀល ក្នុងមួយអង្គភាព។
សកម្មភាពនេះមិនត្រឹមតែជាការជួយឧបត្ថម្ភផ្នែកសម្ភារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តយ៉ាងធំធេងដល់វីរកងទ័ពជួរមុខ ក្នុងការបន្តបេសកកម្មការពារសុខសន្តិភាព និងមាតុភូមិឱ្យបានរឹងមាំតទៅមុខទៀត៕
សម្រួលអត្ថបទ៖ ម៉ារ៉ាឌី


