រដ្ឋបាលខេត្តព្រះសីហនុ ធានាជូនអ្នកវិនិយោគនូវការផ្តល់សេវាឆាប់ រហ័ស ប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សូមធានាជូនអ្នកវិនិយោគនូវការផ្តល់សេវាឆាប់ រហ័ស ប្រកបដោយទំនុកចិត្ត តម្លា ភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសម្របសម្រួល ការលើកទឹក ចិត្ត និងធានាសន្តិសុខ សុវត្ថិភាពដល់អ្នកវិនិយោគគ្រប់រូប និងមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ អ្នកវិនិយោគនឹងទទួលបានព័ត៌មានពិត និងច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។

ឯកឧត្តម បានមានប្រសាសន៍ដូចនេះ នៅក្នុងវេវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលធ្វើឡើងនៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥  វេទិការនេះមានការចូលរួមពី លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របស្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ សមាគមអភិវឌ្ឍន៍សហគ្រិនកម្ពុជា-អាស៊ាន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស និងសមាជិកសមាជិកា ទាំងអស់ប្រមាណជាង ២០០នាក់។

ឯកឧត្តមអភិបាលខេត្ត ស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តរបស់វិនិយោគិនទាំងអស់ ដែលមាន បំណងជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅវិនិយោគ ព្រមទាំងអញ្ជើញធុរជន និងវិនិយោគិន ធ្វើ ទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តព្រះសីហនុ។

ក្នុងវេទិកានេះ ឯកឧត្តមអភិបាល ខេត្ត បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការបន្តពូនជ្រុំលើក កម្ពស់ ទំនាក់ទំនងមិត្តភាពជា «មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» របស់ប្រទេសទាំងពីរ ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីន ពីង។ បន្ថែមពីលើនេះឯកឧត្តម ក៏មានប្រសាសន៍លើកឡើងអំពីព័ត៌មានមិនពិតពីខេត្តព្រះសីហនុ ដើម្បីវាយប្រហារ អុចអាល ញុះញង់ ឱ្យអ្នកវិនិយោគមានការភ័យខ្លាច។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមបញ្ជាក់ថាព័ត៌មានទាំងនោះគឺជាព័ត៌មានមិនពិត ប្រាកដទេ ឯកឧត្តមធានាអះអាងការពារ សន្តិសុខ សុវត្ថិភាពជូនដល់អ្នកវិនិយោគឱ្យបានល្អប្រសើរព្រោះថាបេសកម្មរបស់រដ្ឋបាលខេត្តគឺ «សុខសុវត្ថិភាពរបស់អ្នកវិនិយោគ គឺជាកាតព្វកិច្ចរបស់យើងខ្ញុំ» ហើយ «ភាពជោគជ័យលើអាជីវកម្មរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ»។

ក្នុងវេទិកានេះក៏មានបទបង្ហាញរបស់វាគ្មិនពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេល វេលាសម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបក ស្រាយ យ៉ាងក្បោះក្បាយជូនវិនិយោគិន និងធុរជនផងដែរ។

សូមជម្រាបជូនថា វេទិកាខាងលើ មានការចូលរួមសហការរៀបចំដោយលោក ចាន់ រតនា ប្រធានសមាគមលើកកម្ពស់អភិវឌ្ឍន៍កម្ពុជា-អាស៊ាន លោក លី ឆីងលុង អនុប្រធានសមាគមប្រចាំនៅប្រទេសចិន និងរដ្ឋបាលខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។ ហើយវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ព្រមទាំងស្វែង រកដៃគូវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ ការដឹក ជញ្ជូននិងវិស័យមួយចំនួនទៀតដែលមានសក្តានុពល។
CMD