រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រការចេញអាជ្ញាបណ្ណអគ្គិសនីជូនក្រុមហ៊ុន ISI ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជំរុញការវិនិយោគ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើសំណើសុំអាជ្ញាបណ្ណសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន អាយ អេស អាយ យូធីលីធី ឯ.ក (ISI Utility Co., Ltd) ដើម្បីផ្គត់ផ្គង់ថាមពលក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់។

ក្នុងកិច្ចប្រជុំនេះ លោក សោ លីម ប្រធានអគ្គិសនីកម្ពុជាខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ។ លោកបានបញ្ជាក់ថា ការផ្ដល់អាជ្ញាបណ្ណចែកចាយអគ្គិសនីនេះ គឺជាកត្តាលីករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន ព្រមទាំងបង្កើតឱកាសការងារ យ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ លោកអភិបាលរងស្រុកព្រៃនប់ ក៏បានសម្ដែងនូវសេចក្តីត្រេកអរ ដោយយល់ឃើញថា ការពង្រីកបណ្ដាញអគ្គិសនីនេះ នឹងជួយឱ្យការចែកចាយថាមពលក្នុងតំបន់នោះកាន់តែមានភាពងាយស្រួល ស្ថិរភាព និងមានប្រសិទ្ធភាពខ្ពស់។

ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ចៀសផលប៉ះពាល់នានា អង្គប្រជុំបានផ្ដោតការយកចិត្តទុកដាក់លើចំណុចបច្ចេកទេសសំខាន់ៗចំនួន ២ ការរៀបចំប្លង់ប្រព័ន្ធ ការកំណត់គម្លាតនៃការដាំបង្គោល និងការរត់ខ្សែភ្លើងត្រូវតែអនុលោមតាមស្ដង់ដារបច្ចេកទេសឱ្យបានច្បាស់លាស់។

សុវត្ថិភាពចិញ្ចើមផ្លូវ ត្រូវរក្សាគម្លាតសុវត្ថិភាពពីចិញ្ចើមផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនា ឬការពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នាពេលអនាគត។

ជាលទ្ធផល អង្គប្រជុំបានសម្រេច ឯកភាពទាំងស្រុង ក្នុងការគាំទ្រឱ្យចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុន ISI Utility Co., Ltd ដើម្បីដំណើរការសេវាកម្មអគ្គិសនីក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ដោយត្រូវស្ថិតក្រោមការត្រួតពិនិត្យបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ពីមន្ទីរជំនាញ។

បញ្ជាក់៖ កិច្ចប្រជុំនេះក៏មានការចូលរួមពី នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត រួមទាំងប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ ផូង ថៃ