រដ្ឋបាលខេត្តព្រះសីហនុរៀបចំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍«ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» នាចុងខែកុម្ភៈ ឆ្នាំ២០២៦
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំ«ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ ដឹកនាំដោយ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក-លោកស្រី អភិបាលរងក្រុង–ស្រុក ប្រធាន និងអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងកម្លាំងមានសមត្ថកិច្ចពាក់ពន្ឋ័។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងបែងចែកភារកិច្ចរៀបចំផែនការការងារឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព សំដៅធានាឱ្យព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងលំហូរចរាចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួល និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលអញ្ជើញមកកំសាន្តក្នុងព្រឹត្តិការណ៍។ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានណែនាំឱ្យគ្រប់អង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់លើការងារអនាម័យ បរិស្ថាន និងការតុបតែងលម្អទីតាំងប្រារព្ធព្រឹត្តិការណ៍ ឱ្យមានសោភ័ណភាព និងភាពទាក់ទាញ សមស្របជាមួយកេរ្តិ៍ឈ្មោះខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» នេះជាវេទិកាសំខាន់ក្នុងការបង្ហាញសក្តានុពល វប្បធម៌ ទេសចរណ៍ និងផលិត ផលក្នុងស្រុក ព្រមទាំងជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពរស់រវើក និងចីរភាព៕

សម្រួលអត្ថបទ៖និន សុផារ


