រដ្ឋបាលខេត្តព្រះសីហនុរៀបចំទូងស្គរ ក្នុងឱកាសនៃការចុះ(បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព)

ដើម្បីអបអរសាទរ នៃការចុះ (បូជនីយដ្ឋានចងចាំកម្ពុជា ទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព)ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុរៀបចំទូងស្គរ រៀបចំធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដឹកនាំចូលរួមដោយ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជន យុវនារី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត
អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអាននៅសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការចុះ (បូជនីយ ដ្ឋានចងចាំ នៃកម្ពុជា ទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព)ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងការចុះ (បូជនីយដ្ឋានចងចាំ នៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព) រួមមានអតីតមន្ទីរឃុំឃាំង (ម១៣) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តល់យោបល់ និងបានណែនាំកាលពីឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធភាព បញ្ចូលទីតាំងសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

ទន្ទឹមនឹងនេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេចបានធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួម មាន៖ គ្រប់រាជធានី ខេត្ត គ្រប់មន្ទីរជំនាញរាជធានី ខេត្ត គ្រប់ក្រុង ស្រុក ខណ្ឌ និងគ្រប់ឃុំ សង្កាត់ រួមគ្នាធ្វើការទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ហើយពិធីខាងលើនេះត្រូវប្រារព្ធធ្វើឡើងនៅវេលាម៉ោង ៧:០០នាទីព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី ខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ដើម្បីជាការបំផុសបន្ថែមទៀតនូវការប្រឆាំងដាច់ខាត នៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់ នៃការរួមគ្នាការ ពារសន្តិភាពឱ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយ៕CMD