រដ្ឋបាលខេត្តក្រចេះ ស្នើរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយត្ន័ចំពោះសុខភាព និងទ្រព្យសម្បត្តិរបស់ខ្លួន ខណៈខេត្តក្រចេះទទួលរងនូវសម្ពាធព្យុះចំនួន ២៥

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានថ្លែងកោតសរសើរដល់បងប្អូនមន្រ្តីរាជការ កងទ័ពជួរក្រោយ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានឆន្ទះ ទឹកចិត្តស្នេហាជាតិ និងបានចូលរួមគាំទ្រលើកទឹកចិត្ត ដល់បងប្អូនកងទ័ពជួរមុខកំពុងឈរជើងការពារបន្ទាត់ព្រំដែន ដើម្បីបូរណភាពទឹកដី និងសូមបន្តនូវគោលជំហរឆន្ទះស្មោះស្ម័គ្រ ដើម្បីបុព្វជាតិមាតុភូមិ និងដើម្បីបង្ហាញឲ្យពិភពលោកបានឃើញនិងបានដឹងអំពីចរិករបស់កម្ពុជា និងដើម្បីឲ្យពិភពលោកជួយរកយុត្តិធម៌ ។
ឯកឧត្តមបន្តថា ៖ សម្រាប់មន្ទីរជំនាញពាក់ព័ន្ធ សូមពិនិត្យមើលលើការងារបង្ករបង្កើនផលនារដូវវស្សា និងការងារត្រៀមបង្ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងត្រូវចុះពិនិត្យបោសសម្អាតទីទាំងទួលសុវត្ថិភាព ដើម្បីត្រៀមបង្ការទុកជាស្រេច ។ ក្នុងនោះបញ្ហាក្មេងទំនើង ត្រូវពង្រឹងការចាត់វិធានការ និងទប់ស្កាត់ ដើម្បីបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនមូលដ្ឋាន ឆ្លើយតបទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវបន្តពិនិត្យតាមដានប្រមូលស្ថិតិ បងប្អូនពលករចំណាកស្រុកក្នុងមូលដ្ឋាន ក្តាប់ឲ្យបាននិងដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះក្នុងករណីណាមួយ ។
ឯកឧត្តមអភិបាលខេត្តបន្តទៀតថា ៖ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកជំនន់ក្នុងខេត្តក្រចេះឆ្នាំនេះ នឹងឡើងកម្ពស់ ២១ ម៉ែត្រ ដូច្នេះកម្រិតកម្ពស់នេះល្អ អាចហូរចូលអាងស្តុបទឹកបានគ្រប់គ្រាន់ ទន្ទឹមនោះដែរ បងប្អូនក៏ត្រូវត្រៀមបង្ការប្រុងប្រយ័ត្នអំពីសុខភាព និងទ្រព្យសម្បត្តិ ដោយខេត្តយើងនឹងទទួលរងនូវសម្ពោធព្យុះមានចំនួន ២៥ ដែលអាចបង្ករឲ្យមានផលប៉ះពាល់លើជីវភាពរស់នៅរបស់បងប្អូន ។ ហើយពាក់ព័ន្ធទៅនឹងការប្រើប្រាស់ទឹក ក្នុងវិស័យកសិកម្ម មន្ទីរពាក់ព័ន្ធត្រូវនឹងរៀបចំសម្ភារៈបច្ចេកទេស ក្នុងការទប់ទឹកនិងបើកទឹកប្រើប្រាស់ដោយសន្សំចៃ ហើយក៏ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាសហគមន៍ សូមឲ្យចូលរួមគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីការប្រើប្រាស់ទឹកបន្តបាននិរន្តភាព ៕