រដ្ឋបាលខេត្តកំពតបើកពិព័រណ៍ភូមិ១ផលិតផល១ស្របពេលពលរដ្ឋនិយមគាំទ្រផលិតផលក្នុងស្រុក

ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសប្រកាន់យកស្មារតីជាតិនិយម ពិសេសការងាកមកគាំទ្រពេញទំហឹងចំពោះផលិតផលខ្មែរ នាចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋបាលខេត្តកំពតបានបើកពិធីពិព័រណ៍ភូមិ១ផលិតផល១ដោយនាំយកផលិតផលក្នុងខេត្តកំពត និងពីបណ្តាខេត្តនានាមកដាក់តាំងបង្ហាញ និងលក់ជូនភ្ញៀវសម្រាប់រយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។

លោក មឿង គង្គា អនុប្រធានគណ:កម្មាធិការជំរុញចលនាភូមិ១ផលិតផល១នៃរដ្ឋបាលខេត្តកំពតបានមានប្រសាសន៍ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១មានគោលការណ៍លើកកម្ពស់ផលិតផលក្នុងស្រុកទាំងការផលិត ការដាំដុះ និងគុណភាព អនាម័យ ក៏ដូចជាការប្រើប្រាស់ផលិតផលខ្មែរជំនួសឲ្យការនាំចូលពីក្រៅប្រទេស។ ដោយឡែក គណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ខេត្តកំពតបានដាក់ចេញនូវផែនការសំខាន់ៗដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យទទួលបានលទ្ធផលល្អ។ លោកអនុប្រធានគណៈកម្មាធិការបានបញ្ជាក់ថា មកទល់ពេលនេះ គណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ខេត្តកំពតបានចុះបញ្ជីទទួលស្គាល់ផលិតផល-សេវាកម្មចំនួន៥៧ រួមមាន វិស័យកសិកម្មចំនួន១៩ វិស័យឧស្សាហកម្ម-សិប្បកម្មចំនួន១៨ ផលិតផលវត្ថុអនុស្សាវរីយ-សិល្បៈ និងវត្ថុប្រើប្រាស់ចំនួន៦ សេវាកម្មចំនួន៧ និងវិស័យចំណីអាហារចំនួន៧។ គណៈកម្មាធិការកំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍផលិតផលមួយចំនួនជាប្រវត្តិរបស់ខេត្តកំពត ដូចជា ម្រេចកំពត (ម្រេច GI ដែលត្រូវបានទទួលស្គាល់ជាសកល) ទុរេនកំពត អំបិលកំពត ទឹកត្រីកំពត និងផលិតផលកសិកម្មដទៃទៀត។ បន្ថែមលើនេះក៏មានផលិតផល១៦មុខផ្សេងទៀតគ្រោងនឹងដាក់ស្នើសុំចុះបញ្ជីក្នុងឆ្នាំ២០២៥នេះ។

ថ្លែងបើកពិធីពិព័រណ៍ខាងលើ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានជំរុញចលនាជាតិភូមិ១ផលិតផល១បានមានប្រសាសន៍ថា ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងនាំគ្នាប្រកាន់យកស្មារតីជាតិនិយមដោយងាកមកគាំទ្រពេញទំហឹងចំពោះផលិតផលខ្មែរ សូមម្ចាស់ផលិតកម្មទាំងអស់បង្កើនការផលិតដើម្បីបញ្ចៀសឲ្យបានពីការប្រើប្រាស់ ឬរំពឹងតែលើទំនិញនាំចូលមកពីក្រៅប្រទេស។ ជាមួយនេះ បងប្អូនជាផលិតករក៏ត្រូវពង្រឹងទាំងគុណភាព អនាម័យ និងរក្សាតម្លៃផលិតផលដែលជាគន្លឹះសំខាន់ក្នុងការទាក់ទាញអតិថិជនឲ្យបន្តប្រើប្រាស់ផលិតផលខ្មែរជានិច្ចនរន្តរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត