រដ្ឋបាលខេត្តកោះកុង រៀបចំកែលម្អរមណីយដ្ឋានចេតិយឃុនឆាងឃុនផែន សម្រេចជាង៧០ភាគរយ

MC ៖ គម្រោងជួសជុលកែលម្អសោភ័ណភាពបរិស្ថានអនាម័យនៅតំបន់រមណីយដ្ឋានទេសចរណ៍ចេតិយឃុនឆាងឃុនផែន ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា សម្រេចបានប្រមាណ ៧០ ភាគរយហើយ។ នេះបើយោងតាមការបញ្ជាក់ របស់មន្រ្តីជំនាញ នៃរដ្ឋបាលខេត្តកោះកុង។

លោក អ៊ូច ពន្លក នាយទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង ថ្លែងនៅរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាសាងសង់ផ្លូវបេតុងមានជើងប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ ម៉ែត្រ កម្ពស់ ២.៥០ ម៉ែត្រ និងកន្លែងរង់ចាំ ១ កន្លែង នៅតំបន់រមណីយដ្ឋានទេសចរណ៍ចេតិយឃុនឆាងឃុនផែន។

លោក អ៊ូច ពន្លក បន្ថែមថា បច្ចុប្បន្ន ផ្លូវបេតុងឆ្លងចូលចេតិយឃុនឆាងឃុនផែន មានសភាពចាស់ទ្រុឌទ្រោមខ្លាំងដែលងាយប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ទើបរដ្ឋបាលខេត្តលើកគម្រោងអភិវឌ្ឍន៍កែលម្អដើម្បីសោភ័ណភាពបរិស្ថានអនាម័យកាន់តែស្រស់បំព្រងឡើងវិញ។

ទន្ទឹមនោះ គម្រោងផ្លូវបេតុងថ្មី រដ្ឋបាលខេត្ត ក៏សាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ ចាក់បេតុងចំណតរថយន្ត និងដំឡើងអំពូលសូឡាចំនួន ៣៦ ដើម ជុំវិញតំបន់រមណីយដ្ឋានចេតិយឃុនឆាងឃុនផែន។ គិតមកទល់ពេលនេះសម្រេចបានជាង ៧០ ភាគរយហើយ។

អាជីវករនៅតំបន់ចេតិយឃុនឆាងឃុនផែន បង្ហាញក្តីរីករាយពេលតំបន់រមណីយដ្ឋានដ៏ល្បីល្បាញមួយនេះត្រូវបានអាជ្ញាធរយកចិត្តទុកដាក់លើកជាគម្រោងកែលម្អសោភ័ណភាពកាន់តែទាក់ទាញបន្ថែម៕