រដ្ឋបាលក្រុងសំរោង និងស្រុកបន្ទាយអំពិល បានទទួលសម្ភារៈឧបទេសបច្ចេកវិទ្យា (ICT) ដ៏សម្បូរបែបពីអង្គការ CTO ដើម្បីបែងចែកជូនសាលាបឋមសិក្សាគោលដៅចំនួន ១៨ សម្រាប់ជំរុញការរៀន និងបង្រៀនតាមបែបឌីជីថល

ការបញ្ជ្រាបបច្ចេកវិទ្យាទៅក្នុងវិស័យអប់រំ គឺជាសោរគន្លឹះក្នុងការកសាងធនធាន មនុស្សសម្រាប់យុគសម័យឌីជីថល នាចុងសប្តាហ៍ កន្លងទៅនេះ អង្គការកែប្រែសហគមន៍បានរៀបចំពិធីប្រគល់សម្ភារៈឧបទេសបច្ចេកវិទ្យា (ICT) ដល់សាលាគោលដៅគម្រោង សម្រាប់យកទៅប្រើ ប្រាស់ លើការរៀន និងការបង្រៀន នៅតាមសាលាលើកម្មវិធីបំណិនជីវិត និងថ្នាលបឋមដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោក ប៉ិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ លោកស្រី ហេង សុជាតិ អភិបាលរងក្រុងសំរោង លោក យិញ យ៉ា ប្រធានអង្គការកែប្រែសហគមន៍ CTO ពិធីនេះរៀបចំឡើងនៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ។ នាយកសាលាគោលដៅគម្រោងទាំង១៨ បានមកទទួលសម្ភារៈទាំងនេះដោយផ្ទាល់នៅចំពោះមុខគណៈអធិបតី រួមទាំងលោកលោកស្រីអនុប្រធានមន្ទីរ ប្រធានការិយាល័យចំណុះមន្ទីរ ដែលមានអ្នកចូលរួមសរុប ២៩នាក់ ស្រី៦នាក់។

កម្មវិធីនេះរៀបចំឡើងដោយអង្គការ «កែប្រែសហគមន៍» ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពសិក្សារបស់សិស្សានុសិស្ស និងវិធីសាស្ត្របង្រៀនរបស់គ្រូៗ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT)។សម្ភារៈបច្ចេកវិទ្យាដែលទទួលបានសរុបរួមមាន៖

១. កុំព្យូទ័រយួរដៃ (Laptop) ថ្មី ចំនួន ១៨ គ្រឿង

២. ម៉ាស៊ីនបញ្ចាំងរូបភាព (LCD Projector) ថ្មី ចំនួន ១៧ គ្រឿង

៣. ទូរទស្សន៍ឆ្លាតវៃ (Smart TV) ថ្មី ចំនួន ១៦ គ្រឿង

លោក យិញ យ៉ា ប្រធានអង្គការកែប្រែសហគមន៍បានបញ្ជាក់ថាសម្ភារះឧបទេសបច្ចេកវិទ្យា(ICT) ទាំងនេះជាការផ្តល់ជូនតាមរយះគម្រោង LRP-OOSC ដោយគាំទ្រថវិកាដោយអង្គការអាក់សិនអេតកម្ពុជា(Actionaid Cambodia) និងអង្គការអេតអេអាក់ស្យុង (Aide et Action) ត្រូវធ្វើការចាត់ចែងប្រគល់ជូនក្នុងខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែដោយសារមានបញ្ហាផ្ទុះសង្គ្រាមព្រំដែនជាលើកទី២ក្នុងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ហើយក្រោយពេលមានបទឈប់បាញ់សាលាគោលដៅមួយចំនួនធំស្ថិតក្នុងតំបន់ដែលមិនទាន់មានស្ថេរភាពទើបត្រូវពន្យាពេលរហូតដល់ថ្ងៃនេះ។ ហើយលោកក៏បានសំដែងនូវការកោតសរសើរថ្លែអំណរគុណដល់ថ្នាក់ដឹកនាំអង្គការដៃគូផ្តល់ជំនួយទាំង២ ដែលតែងតែនៅជាមួយអង្គការកែប្រែសហគមន៍ដើម្បីគាំទ្របេសកកម្មចូលរួមចំណែកជួយការងារអភិវឌ្ឍក្នុងខេត្តឧត្តរមានជ័យរហូតមកដល់បច្ចុប្បន្ន។

សម្ភារៈទំនើបៗទាំងនេះ ត្រូវបានបែងចែកភ្លាមៗទៅកាន់សាលាបឋមសិក្សាគោលដៅចំនួន ១៨ សាលា ក្នុងភូមិសាស្ត្រក្រុងសំរោង និងស្រុកបន្ទាយអំពិល រួមមាន៖ បឋមសិក្សាគោកគរ, ដូនកែន-ភ្នៀត, អូរឬស្សី, ហ៊ុនសែន-ឆ្អើប, គោកច្រេស, កូនដំរី, បាក់នឹម, ត្នោត, បន្សាយរាក់, រំដួលវាសនា, ពោធិវង្ស, សំបួរមាស, ត្រពាំងវែង, គោកខ្ពស់, គោកខ្ពស់ថ្មី, អូរទង, ប្រិយ៍, និងបឋមសិក្សាស្រះស្រង់ ។

ក្នុងឱកាសនោះ លោកប៉ិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ និងលោកស្រី ហេង សុជាតិ អភិបាលរងក្រុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ «កែប្រែសហគមន៍» ដែលបានផ្ដល់នូវ “អាវុធបញ្ញា” ដ៏មានតម្លៃនេះ។ ហើយក៏បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសម្ភារៈទាំងនេះឱ្យបានល្អ និងប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីជួយឱ្យកុមារៗនៅតាមសាលាទទួលបានចំណេះដឹងទាន់សម័យកាល និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់៕