រដ្ឋបាលក្រុងតាខ្មៅ ៖ ប្រជាពលរដ្ឋដែលសាងសង់រំលោភលើមហាវិថីស៊ីជិនពីង (ក្រវ៉ាត់ក្រុងទី៣) ត្រូវរុះរើជាបន្ទាន់

ខេត្តកណ្ដាល ៖ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលក្រុងតាខ្មៅ ដឹកនាំដោយ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានចុះពិនិត្យ និងណែនាំទៅដល់ប្រជាពលរដ្ឋសាងសង់រំលោភលើចំណីផ្លូវ អោយធ្វើការរុះរើឡើងវិញជាបន្ទាន់ លើបណ្ដោយកំណាត់ផ្លូវមហាវិថីស៊ីជិនពីង (ក្រវ៉ាត់ក្រុងទី៣) ក្នុងសង្កាត់សិត្បូ សង្កាត់ស្វាយរលំ សង្កាត់រការខ្ពស់។ 

ក្នុងឱកាសចុះណែនាំនេះដែរ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងក្រុងតាខ្មៅ សូមកុំធ្វើការសាងសង់រំលោភលើចំណីផ្លូវ ដែលអាចបង្កឱ្យមានផលប៉ះពាល់ទៅដល់អ្នកធ្វើដំណើរ នឹងអាចបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍ ហើយប្រជាពលរដ្ឋណាដែលសាងសង់រំលោភលើចំណីផ្លូវទាំងប៉ុន្មានត្រូវធ្វើការរុះរើជាបន្ទាន់ និងត្រូវរៀបចំឡើងវិញដើម្បីឱ្យមានសណ្ដាប់ធ្នាប់ និងសោភណ្ឌភាពល្អ ដើម្បីធ្វើឱ្យក្រុងតាខ្មៅមានសោភណ្ឌភាពល្អ ព្រមទាំងបានចាត់ឱ្យមន្ត្រីជំនាញភូមិបាលចុះពិនិត្យវាស់វែងជាក់ស្ដែង កំណត់បង្គោលព្រំដីរបស់ប្រជាពលរដ្ឋនិងចំណីផ្លូវឱ្យបានត្រឹមត្រូវ ហើយមុននឹងសាងសង់សំណង់ត្រូវសុំច្បាប់អនុញ្ញាតិជាមុនសិនមុននឹងសាងសង់ដើម្បីកុំរំលោភលើចំណីផ្លូវ និងមិនឱ្យបងប្អូនប្រជាពលរដ្ឋសាងសង់រំលោភចំណីផ្លូវបន្តទៀត និងស្នើសុំឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយនឹងអាជ្ញាធរផងដែរ៕