រង់ចាំសម្ពោធជាផ្លូវការ ក្រោយផ្លូវជាតិធំៗ៧ខ្សែ ប្រវែងជាង៥០០ គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុង

ភ្នំពេញ ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៧ ខ្សែ សាងសង់ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ ប្រវែងជាង ៤៩១គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៥ និងរង់ចាំថ្ងៃដាក់សម្ពោធជាផ្លូវការ។ ក្នុងនោះរួមមាន ១. ផ្លូវជាតិលេខ១០ (វាលវែង-សំឡូត-ខេត្តកោះកុង) ប្រវែង១៩៧,៣៦គ.ម។ ២. ផ្លូវជាតិលេខ២៣ (ស្ពានកោះធំ-ស្រុកលើកដែក ខេត្តកណ្តាល) ប្រវែង ១៩,៨៣គ.ម ៣)ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-ទីរួម ខេត្តកោះកុង) ប្រវែង ១៤៨គ.ម ៤) ផ្លូវជាតិលេខ ៧៣ (ផ្លូវបំបែកប្រធាតុ-ស្ពានកំពង់រាំង ខេត្តត្បូងឃ្មុំ) ប្រវែង ៤៩,៨១គ.ម ៥) ផ្លូវខេត្តលេខ ៣១២ (បំបែកពីផ្លូវជាតិលេខ១ ដល់ព្រំប្រទល់កម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង) ប្រវែង ២៨,៣៧គ.ម និង ៦)ផ្លូវខេត្តលេខ ៣៧៧ និង៣៧៧A (រង្វង់មូលព្រាប ស ក្រុងក្រចេះ-ឃុំសណ្តាន់ ខេត្តក្រចេះ) ប្រវែងសរុប ៤៨,៥៩គ.ម។

មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវដែលបញ្ចប់ការសាងសង់ទាំង ៧ ខ្សែ ក្រសួងគ្រោងនឹងគោរពស្នើសុំសម្តេចធិបតីនាយករដ្ឋមន្ត្រី រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលវេលាសមស្របខាងមុខ។

បើតាមរបាយការណ៍ពីក្រសួងសាធារណការនិងដឹកជញ្ជូន គិតត្រឹមឆ្នាំ ២០២៥ ក្រសួងបានកំពុងធ្វើការគ្រប់គ្រងផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៨៤ ខ្សែ មានប្រវែងសរុប ២០ ៧៣៣,៩១គ.ម (កើន ៣០ខ្សែ ធៀបនឹងឆ្នាំ២០២៤) ដែលក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុងសរុប ១២ ៤៣៩,៤៨គ.ម ស្មើនឹង ៦០% នៃប្រវែងផ្លូវសរុបដែលក្នុងនោះមាន៖

-ផ្លូវជាតិកម្រិត ១ មានចំនួន ៩ ខ្សែ ប្រវែងសរុប ២ ២៥៤ គ.ម បានក្រាលកៅស៊ូ និងបេតុង១០០%

-ផ្លូវជាតិកម្រិត ២ មានចំនួន ៨០ ខ្សែ ប្រវែងសរុប ៥ ២៥៣,២១គ.ម បានក្រាលកៅស៊ូ និង បេតុងចំនួន ៤ ២២៨,៤៧គ.ម ស្មើនឹង ៨០,៤៩%

-ផ្លូវខេត្តមានចំនួន ៧៩៥ ខ្សែ ប្រវែងសរុប ១៣ ២២៦,៧១គ.ម បានក្រាលកៅស៊ូ និងបេតុង ចំនួន ៥ ៩៥៧,០២ គ.ម ស្មើនឹង ៤៥,០៤%

-ផ្លូវល្បឿនលឿនមានចំនួន ២ ខ្សែ មានប្រវែងសរុប ៣២២,១៥គ.ម ក្នុងនោះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ចប់ការសាងសង់មានប្រវែង ១៨៧,០៥គ.ម និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការសាងសង់មានប្រវែង ១៣៥,១០គ.ម។

ជាមួយគ្នានេះ ក្រសួងក៏បានកំពុងគ្រប់គ្រង និងថែទាំស្ពានតូចធំគ្រប់ប្រភេទចំនួន ២ ៦២១ ស្ពាន មានប្រវែងសរុប ៩៣,៣០គ.ម៕