រងគ្រោះផ្ទួនៗ! ព្យុះទីហ្វុង Fung-wong បក់បោកបន្ថែម លើហ្វីលីពីនសម្លាប់មនុស្ស២នាក់ស្លាប់និង១.៤លាននាក់ផ្លាស់ទីលំនៅ! បន្ទាប់ពីប៉ុន្មានថ្ងៃមុនមានព្យុះ Kalmaegi សម្លាប់មនុស្ស២២៤នាក់
ព្យុះទីហ្វុង Fung-wong បានបក់ចេញពីភាគពាយ័ព្យនៃប្រទេសហ្វីលីពីននៅថ្ងៃចន្ទនេះ បន្ទាប់ពីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងធ្វើឱ្យមនុស្សជាង ១.៤លាននាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅ ចាប់ពីថ្ងៃអាទិត្យម្សិលមិញ។ ព្យុះហ្វុង Fung-wong បានវាយប្រហារភាគខាងជើងប្រទេសហ្វីលីពីនដែរ ខណៈដែលប្រទេសនេះកំពុងដោះស្រាយជាមួយនឹងភាពបំផ្លិចបំផ្លាញដែលបង្កឡើងដោយព្យុះទីហ្វុង Kalmaegi មិនទាន់ស្រាកស្រាន្តផង ដែលវាបានបណ្តាលឱ្យមនុស្សស្លាប់២២៤នាក់នៅក្នុងខេត្តភាគកណ្តាល កាលពីថ្ងៃអង្គារសប្តាហ៍មុន និង មុនពេលវាបន្តវាយប្រហារប្រទេសវៀតណាម ធ្វើឲ្យមនុស្ស៥នាក់ស្លាប់។ ព្យុះទីហ្វុង Fung-wong បានបោកបក់ចូលច្រាំងទន្លេក្នុងខេត្តអូរ៉ូរ៉ាភាគឦសានកាលពីយប់ថ្ងៃអាទិត្យ ដែលវាក៏ជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ មានកម្លាំងខ្យល់បក់បោកខ្លាំងពី១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង រហូតដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ មនុស្សម្នាក់បានលង់ទឹកស្លាប់ភ្លាមៗក្នុងគ្រោះទឹកជំនន់ នៅខេត្តកាតានឌូអានភាគខាងកើត និងម្នាក់ទៀតបានស្លាប់នៅទីក្រុងកាតាបាឡូហ្គែន នៅខេត្តសាម៉ាភាគខាងកើតដែរនៅពេលដែលផ្ទះរបស់គេបានដួលរលំ នេះជាអ្វីដែលមន្ត្រីបានបញ្ជាក់។ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ បានប្រកាសអាសន្នដោយសារតែការបំផ្លិចបំផ្លាញមានទំហំធំ ដែលបង្កឡើងដោយព្យុះកាល់ម៉ាហ្គី និងគ្រោះមហន្តរាយដែលបន្សល់ទុកពីព្យុះទីហ្វុង Fung-wong ដែលត្រូវបានគេហៅថា អ៊ូវ៉ាន់ នៅក្នុងប្រទេសហ្វីលីពីន។ អ្នកព្យាករណ៍អាកាសធាតុរដ្ឋបាននិយាយថា ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យ ហើយនឹងបោកបក់លើឆ្នេរសមុទ្រ Aurora ឬខេត្ត Isabela នៅថ្ងៃអាទិត្យ ឬដើមថ្ងៃចន្ទនេះ។ ប្រទេសហ្វីលីពីនត្រូវបានរងគ្រោះដោយការវាយប្រហារពីព្យុះទីហ្វុង និងព្យុះនានាប្រហែលជាង២០ដងជារៀងរាល់ឆ្នាំ ហើយប្រទេសនេះក៏រងការវាយប្រហារដោយគ្រោះរញ្ជួយដីជាញឹកញាប់ដែរ ថែមទាំងភ្នំភ្លើងសកម្មជាង១០ដងក្នុង១ឆ្នាំៗ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះធម្មជាតិបំផុតក្នុងពិភពលោក៕
សម្រួលអត្ថបទ៖ សុផារិន្ទ



