រកឃើញមនុស្សស្លាប់១៣នាក់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅជប៉ុននាព្រឹកថ្ងៃពុធនេះ ធ្ងន់ធ្ងរជាងគេគឺនៅផ្សារទំនើប Aeon Mall ខណៈមនុស្សជាង២៦ម៉ឺននាក់ត្រូវគេជម្លៀសចេញពីខេត្តរងគ្រោះ

លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បាននិយាយថារកឃើញមនុស្ស១៣នាក់ស្លាប់ បន្ទាប់ពីជប៉ុនរងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅផ្នែកខ្លះនៃភាគនិរតីនៃប្រទេស ហើយការងារជួយសង្គ្រោះកំពុងបន្តនៅព្រឹកថ្ងៃពុធនេះ ដើម្បីរុករកអ្នកបាត់ខ្លួន ជាពិសេសនៅក្រោមគំនរអគារផ្សារទំនើបអ៊ីអន។ កងកម្លាំងការពាររបស់ប្រទេសជប៉ុនបានចូលរួមជាមួយក្រុមជួយសង្គ្រោះក្នុងប្រតិបត្តិការស្វែងរកមនុស្ស និងជួយសង្គ្រោះនៅផ្សារទំនើបអ៊ីអនដែលខូចខាតយ៉ាងធ្ងន់ធ្ងរជាងគេ និងបានជួយដឹកជញ្ជូនទឹកបរិភោគ និងបញ្ជូនអ្នកជំងឺទៅសង្រ្គោះបន្ទាន់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កកក្រើក។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យនៅក្នុងរដ្ឋធានី Kumamoto បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានផ្តួលរលំជាន់ទី២នៃផ្សារទំនើប Aeon Mall ទាំងស្រុងក្នុងទីក្រុង Kashima ដែលធ្វើឱ្យមនុស្សជាប់គាំងនៅជាន់ខាងក្រោមជិត៣០នាក់។ មន្ត្រីខេត្តបាននិយាយថាពួកគេកំពុងស៊ើបអង្កេតរក មូលហេតុពីការលេចធ្លាយឧស្ម័នផ្នែកខាងក្នុង ថាវាអាចប៉ះពាល់ខ្លាំងដែរឬអត់? គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័របានវាយប្រហារតំបន់ជាច្រើនក្នុងខេត្ត Kumamoto ស្ថិតនៅលើកោះ Kyushu ភាគខាងត្បូងកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។ លោកស្រី Takaichi បាននិយាយថា មនុស្សជាច្រើនទៀតបានរងរបួស ឬនៅតែបាត់ខ្លួននៅឡើយទេ ខណៈដែលការងារជួយសង្គ្រោះនៅតែបន្តពេញមួយយប់មិញមក។ មើលតាមរូបភាពវីដេអូដែលទទួលបានពីតំបន់ Kumamoto បានកំពុងស្វែងរកមនុស្សនៅខាងក្រោមតុ និង ផ្ទាំងពិដានដែលបាក់រលំ។ ក្រុមសង្គ្រោះបន្ទាន់ Kumamoto បាននិយាយថា បំពង់ផ្សែងរោងចក្រមួយបានបាក់រលំនៅ Yatsushiro របស់កម្មសិទ្ធិក្រុមហ៊ុន Nippon Paper Industries Co. ដែលធ្វើឱ្យមនុស្សជាប់នៅក្រោមកម្ទេចកម្ទីនោះ។ គិតត្រឹមព្រឹកថ្ងៃពុធនេះមានមនុស្ស៧នាក់ដែលគេសង្ស័យថាជាប់គាំងនៅខាងក្រោម។ ខណៈអ្នករស់រានមានជីវិតពីរនាក់ និងសពមនុស្ស២នាក់ត្រូវបានគេទាញចេញ។ ទីភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយជប៉ុនបាននិយាយថា មនុស្សជាង ២៦ម៉ឺននាក់ត្រូវបាន ជម្លៀសចេញភ្លាមៗពីក្នុងខេត្ត Kumamoto និងពីក្នុងខេត្ត Nagasaki ដែលនៅជិតខាងផងដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ