រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជិត១០០គីឡូក្រាម ដែលលក់ដូរនៅតាមម៉ាត និងផ្ទះ ក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចចម្រុះខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទំនិញ ឧបភោគ បរិភោគ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះ ម៉ាត និងតូបលក់ទំនិញក្នុងផ្សារ ចំនួន០២លើក រកឃើញរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាង៩៧គីឡូក្រាម។

សមត្ថកិច្ចបានអោយដឹងថា លើកទី១ នៅក្នុងផ្សារសំពៅលូន ស្ថិតនៅភូមិត្រពាំងព្រលិត ស្រុកសំពៅលូន ចំនួន០៦តូប រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា៖ មី ភេសជ្ជៈកំប៉ុង នំ និងគ្រឿងសម្អាង មួយចំនួន និងលើកទី២ នៅផ្សារ ហេង ថេង ពេជ្រចិន្តា ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ចំនួន០៨តូប ០៦ខ្នងផ្ទះ និងម៉ាតចំនួន០២កន្លែង រកមិនឃើញមានទំនិញខូចគុណភាព និងហួសកាលកំណត់ប្រើប្រាស់នោះទេ។ សមត្ថកិច្ចបានបន្តចុះត្រួតពិនិត្យហាងម៉ាត ចំនួន០២កន្លែង និងផ្ទះលក់ទំនិញ ចំនួន០២ផ្ទះ ស្ថិតនៅក្នុងស្រុកកំរៀង បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅហាងម៉ាតតេលាមួយកន្លែងដូចជា៖ ទឹកសេរ៉ូដប ទឹកដោះគោប្រអប់ មី នំកញ្ចប់ចំរុះ មួយចំនួន។

ទំនិញដកហូតខាងលើសរុបចំនួនជាង៩៧គីឡូក្រាម បានធ្វើកំណត់ហេតុដកហូតយកមករក្សាទុកនៅ សាខា (ក.ប.ប) ខេត្តបាត់ដំបង ព្រមទាំងពិន័យអន្តរការតាមច្បាប់៕