យោធាអាម៉េរិកបញ្ចេញវីដេអូកម្ទេចទូកដឹកជញ្ជូនគ្រឿងញៀននៅសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលខ្លួនអះអាងថាជាបេសកកម្មកម្ចាត់ភេរវករគ្រឿងញៀន
យោធាអាមេរិកបាននិយាយថា ខ្លួនបានសម្លាប់បុរស៦នាក់កាលពីថ្ងៃអាទិត្យនេះនៅក្នុងការវាយប្រហារលើនាវាដឹកគ្រឿងញៀនមួយគ្រឿងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋបាលលោក Trump ប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀនសកល។ ការវាយប្រហារកាលពីថ្ងៃអាទិត្យនោះបានធ្វើឱ្យមនុស្សស្លាប់កើនឡើងដល់១៥៧នាក់ ហើយ ចាប់តាំងពីរដ្ឋបាលលោក Trump បានដាក់ចេញគោលដៅបោសសំអាតគ្រឿងញៀន ដែលលោកឲ្យឈ្មោះថា “ភេរវករគ្រឿងញៀន” នៅតាមនាវាតូចៗចាប់ពីដើមខែកញ្ញាមក។ ដូចទៅនឹងសេចក្តីថ្លែងការណ៍ភាគច្រើនរបស់យោធាអាម៉េរិកលើមុនៗដែរ ការវាយប្រហារដែលគេស្គាល់ជាង៤០លើកនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងសមុទ្រការ៉ាប៊ីន បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកតែងតែនិយាយថា ខ្លួនបានកំណត់គោលដៅទៅលើអ្នកជួញដូរគ្រឿងញៀនតាមបណ្ដោយផ្លូវរត់ពន្ធដែលពួកគេស្គាល់ច្បាស់។ ប៉ុន្តែយោធាមិនបានផ្តល់ភស្តុតាងថាតើនាវានោះពិតជាបានកំពុងដឹកជញ្ជូនគ្រឿងញៀនទំហំប៉ុណ្ណានោះទេ។ គ្រាន់តែពួកគេបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម X ដោយបង្ហាញពីរូបភាពទូកតូចមួយត្រូវបានបាញ់បំផ្ទុះនៅពេលដែលវាកំពុងធ្វើដំណើរអណ្តែតនៅលើផ្ទៃទឹកតែប៉ុណ្ណោះ។ លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង “ជម្លោះប្រដាប់អាវុធ” ជាមួយក្រុមជួញដូរគ្រឿងញៀននៅតំបន់អាមេរិកឡាទីន ហើយលោកបានរាប់សកម្មភាពទាំងនោះថាជាការងារសុចរិតដោយបានវាយប្រហារលើពួកគេគឺជាភាពចាំបាច់ដើម្បីទប់ស្កាត់លំហូរគ្រឿងញៀនទៅដល់ទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែរដ្ឋបាលរបស់លោកក៏មិនបានផ្តល់ភស្តុតាងណាមួយ សូម្បីតិចតួចក្តី ដើម្បីគាំទ្រលើការអះអាងរបស់ខ្លួនដែរ ដែលតែងតែនិយាយថាជាបេសកកម្មកម្ចាត់«ភេរវករគ្រឿងញៀន»នោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



