យុវជន ឌីជីថល កម្ពុជា-ចិន រួមគ្នាផ្សព្វផ្សាយបច្ចេកវិទ្យា ឌីជីថល និងផ្សព្វផ្សាយការទស្សនា ពីតំបន់ទេសចរណ៍កម្ពុជា នៅរដូវកាលបៃតង

សមាគមយុវជន ឌីជីថល កម្ពុជា-ចិន (CCDYA) បានដឹកនាំយុវជន ឌីជីថល ល្បីៗ លើបណ្តាញសង្គមចំនួន ១៦នាក់ មកពីប្រទេសកម្ពុជា និងប្រទេសចិន ដែលមានចំនួនអ្នកតាមដានសរុប រហូតដល់ ១០,៤លាននាក់ ដើម្បីជួបពិភាក្សាជាមួយ ក្រសួងទេសចរណ៍កម្ពុជា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
គោលបំណងនៃការជួបពិភាក្សានេះ គឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ផ្នែកវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ចិន ការផ្សព្វផ្សាយឌីជីថល និងការផ្សព្វផ្សាយការទស្សនាកម្ពុជា នៅរដូវកាលបៃតង។
អ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគម បានធ្វើរបាយការណ៍ ជូនឯកឧត្តម ហួត ហាក់ ស្តីពី សមិទ្ធិផលរបស់សមាគម ចាប់តាំងពីបង្កើតមក ក្នុងការលើកកម្ពស់ទេសចរណ៍វប្បធម៌កម្ពុជា-ចិន។ ក្នុងរយៈពេល៦ខែកន្លងមក សមាគមបានរៀបចំយុវជន ឌីជីថល កម្ពុជា ល្បីៗ ក្នុងបណ្តាញសង្គម ដើម្បីធ្វើទស្សនកិច្ច និងផ្សព្វផ្សាយនៅក្នុងតំបន់នានា នៃប្រទេសចិន ដូចជា ខេត្តយូណាន ហាប៊ីន ហៃណាន និងកន្លែងផ្សេងទៀតក្នុងប្រទេសចិន ហើយបានផ្សព្វផ្សាយយ៉ាងសកម្ម នូវតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌របស់កម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល ដូចជា វីដេអូ ការផ្សាយបន្តផ្ទាល់ និងភាពយន្តខ្លីជាដើម។ ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា លើបណ្តាញសង្គម ទទួលបានការទស្សនាលើសពី ៨០លានដង រួចមកហើយ ដែលជាការបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងផ្សព្វផ្សាយតំបន់សក្កានុពលវិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក។
ឯកឧត្តម ហួត ហាក់ បានឱ្យតម្លៃខ្ពស់ចំពោះការងារ របស់សមាគម ដោយសង្កត់ធ្ងន់ លើតួនាទីសំខាន់ក្នុងការលើកកម្ពស់ ការភ្ជាប់គ្នារវាងវិស័យវប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន។ ឯកឧត្ដម ក៏បានលើកទឹកចិត្តឱ្យសមាគម បន្តចូលរួមយ៉ាងសកម្មថែមទៀត ក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅដល់ភ្ញៀវទេសចរចិន និងពិភពលោក ជាពិសេសក្នុងឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥។
ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តនូវយុទ្ធនាការ ទស្សនាកម្ពុជា នារដូវកាលបៃបតង ដើម្បីទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្ពុជានារដូវកាលនេះ។