ខេត្តកំពត ៖ បើយោងតាមមន្ត្រីជំនាញនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានបន្តអំពាវនាវដល់យុវជន និងពលរដ្ឋមានជីវភាពខ្វះខាតសូមមកចុះឈ្មោះចូលរៀនវគ្គសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានជំនាញ និងឱកាសការងារ។
លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ក៏បានបញ្ជាក់ដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៃកម្មវិធីបណ្តុះបណ្តាលយុវជន១លាន៥សែននាក់របស់រាជរដ្ឋាភិបាល មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិត ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងសញ្ញាបត្របច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារ និងបង្កើតមុខរបរដោយខ្លួនឯង ប្រកបដោយភាពម្ចាស់ការ មានគុណភាព លទ្ធភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបតាមតម្រូវការទីផ្សារ ប្រកដដោយចីវភាព ភាពធន់ បត្យាប័ន។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ដោយមានការជំរុញលើកទឹកចិត្តពីរដ្ឋន្ត្រីការងារ ពិសេសលោកអភិបាលខេត្ត វិទ្យាស្ថានបានបណ្តុះបណ្តាលសិស្សសម្រាប់ឆ្នាំ២០២៤ បានសិស្ស៥៤៥នាក់ ឆ្នាំ២០២៥បាន២៦៥នាក់ ហើយសិស្សរៀនចប់ ទទួលបានការងារធ្វើក្នុងអត្រាប្រមាណ៨៥ភាគរយ។
សិស្សសិក្សាវគ្គជំនាញបញ្ចេកទេស នេះបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសដល់ពួកគាត់ បានសិក្សាដោយឥតគិតថ្លៃ ដើម្បីមានជំនាញមួយច្បាស់លាស់ ងាយរកការងារល្អធ្វើក្រោយពេលរៀនចប់។
វិទ្យាស្ថានបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារផ្សព្វផ្សាយជំរុញដល់យុវជនដែលមានជីវភាពខ្វះខាត និងងាយរងរងគ្រោះ នៅតាមមូលដ្ឋានក្នុងខេត្តកំពត ឲ្យមកចុះឈ្មោះចូលរៀនវគ្គ១លាន៥សែន ពិសេសវិទ្យាស្ថានបានខិតខំបង្កើនទំនាក់ទំនងល្អជាមួយក្រុមហ៊ុន សហគ្រាស រោងចក្រនានា ដើម្បីស្វែងរកឱកាសការងារជូនដល់សិស្សដែលបានមករៀននៅវិទ្យាស្ថាន៕