យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ទទួលបានសប្បុរសជនចូលរួមបរិច្ចាគប្រមាណ ៣០ម៉ឺននាក់

ភ្នំពេញ៖ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ដែលផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលជោគជ័យគួរជាទីមោទន ជាមួយនឹងការទទួលបានសប្បុរសជនចូលរួមបរិច្ចាគប្រមាណ ៣០ម៉ឺននាក់ និង ថវិកាប្រមាណ ៥,៥ លានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានចេញផ្សាយការពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នេះ។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រសាសន៍ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំផុសស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីពលរដ្ឋកម្ពុជារួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើររបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសកកម្មសង្គ្រោះជីវិតស្រ្តីមានផ្ទៃពោះ ទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព មិនគិតថ្លៃ និងមិនមានការរើសអើង។ 

ឯកឧត្តមបណ្ឌិត បានអំពាវសប្បុរសជនទាំងអស់ បន្តគាំទ្រ និងបរិច្ចាគបន្តទៀត ព្រោះថា មន្ទីរពេទ្យគន្ធបុប្ផានៅតែមានតម្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ ដោយចំណាយប្រមាណ ១២ម៉ឺនដុល្លារក្នុង ១ថ្ងៃ និង ៤៣លានដុល្លារក្នុង ១ឆ្នាំ។

សូមជម្រាបជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ បានរៀបចំពិធីបើកជាផ្លូវការការពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ 

បន្ទាប់ពីពិធីបើកជាផ្លូវ មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានរៀបចំសកម្មភាពសំខាន់ៗប្រចាំសប្តាហ៍នីមួយៗនៃខែមិថុនា ឆ្នាំ២០២៥ ផងដែរ ដូចជាការដាក់តាំងបង្ហាញស្តង់នៅផ្លូវថ្មើរជើងចតុមុខ, នៅខេត្តសៀមរាប និងការតាំងបង្ហាញស្តង់ និងកម្មវិធីរត់កម្សាន្តនៅខេត្តកំពតដើម្បីភាពញញឹមរបស់ទារក និងកុមារនៅកម្ពុជា ផងដែរ៕