យុទ្ធនាការ «ភ្នំពេញស្អាត ២០២៦» វិលត្រឡប់មកវិញជាមួយការបំផុសស្មារតី «ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា» តាមរយៈពិធីសមាធិសាធារណៈទ្រង់ទ្រាយធំ

ក្រោយទទួលបានការគាំទ្រយ៉ាងផុសផុលអស់រយៈពេលជាច្រើនឆ្នាំកន្លងមក យុទ្ធនាការ «ភ្នំពេញស្អាត» បានត្រឡប់មកវិញជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០២៦ នេះ ក្រោមប្រធានបទដ៏មានអត្ថន័យគឺ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា»។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាច្រើនពាន់នាក់។

«ភ្នំពេញស្អាត ២០២៦» ផ្តោតសំខាន់ទៅលើការសម្អាតផ្លូវចិត្ត តាមរយៈការលើកកម្ពស់ការអនុវត្តសមាធិជាសាធារណៈ។ ក្នុងបរិបទនៃការរស់នៅដ៏មមាញឹកនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យមនុស្សជាច្រើនប្រឈមនឹងភាពតានតឹងក្នុងអារម្មណ៍ ឬភាគច្រើនយើងនិយមហៅថា (ស្ត្រេស) គេងមិនលក់ ឬគិតច្រើន កម្មវិធីនេះនឹងក្លាយជាទីកន្លែងដ៏ស្ងប់ស្ងាត់មួយ ដើម្បីជួយឱ្យយុវជន និងពលរដ្ឋទូទៅ បណ្តុះចិត្តឱ្យស្ងប់ស្រឡះ ជ្រះថ្លា ពង្រឹងស្មារតីឱ្យរឹងមាំ និងបង្កើតទម្លាប់នៃការគិតវិជ្ជមាន ដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិ។

កម្មវិធីដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង «ស្អាត» និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងនោះ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវឱកាសក្នុងការស្តាប់ព្រះធម៌ទេសនា និងឱវាទពី សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព សមាជិកថេរសភានៃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងការដឹកនាំធ្វើពិធីសមាធិ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា» ដោយផ្ទាល់ពីសំណាក់ លោក នឹម ឈុន្នី ផងដែរ។

គួរបញ្ជាក់ថា គម្រោង «ស្អាត» ត្រូវបានផ្តួចផ្តើមបង្កើតឡើងតាំងពីឆ្នាំ ២០១៧ ដោយសហស្ថាបនិក ៦ រូប រួមមាន ឯកឧត្តម ហ៊ុន ម៉ានី, លោកជំទាវ ទេព កូលាប, លោក ជី សិលា, លោក ហៃ ភិរម្យ, លោកស្រី ហេង ធីតា និងលោកស្រី ស្រួ ណារិយ៉ា ក្នុងគោលបំណងលើកកម្ពស់គោលការណ៍ «ខ្មែរស្អាត» ទាំង ៣ គឺ៖ ចិត្តស្អាត ប្រតិបត្តិស្អាត និងអាកប្បកិរិយាស្អាត។

អាស្រ័យហេតុនេះ សូមអញ្ជើញសាធារណជន យុវជន និងក្រុមគ្រួសារទាំងអស់ ចូលរួមឱ្យបានច្រើនកុះករនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៥ ល្ងាច ដើម្បីរួមគ្នាបង្កើតថាមពលវិជ្ជមាន ស្តារឡើងវិញនូវភាពស្ងប់ស្ងាត់ក្នុងចិត្ត និងកសាងទម្លាប់នៃការគិតស្អាតទាំងអស់គ្នា។