យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ទទួលបានជោគជ័យ និងបានក្លាយជាគំរូសម្រាប់បណ្តាប្រទេសក្នុងតំបន់

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នេះ បានផ្សព្វផ្សាយឱ្យដឹងថាការអនុវត្តយុទ្ធនាការ  Say No to Fake News ក្នុងឆ្នាំ២០២៥ ទទួលបានជោគជ័យដោយមានពលរដ្ឋចូលរួម ចំនួនប្រមាណ ៩លាន នាក់ ដើម្បីផ្សព្វផ្សាយទៅដល់មនុស្សរាប់លាននាក់ទៀតនៅក្នុងប្រទេសកម្ពុជា និងដល់ពិភពលោក អំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងMalinformation និងDisinformation ដើម្បីផ្តល់សុវត្ថិភាពឌីជីថលជូនពលរដ្ឋកម្ពុជា និងក្នុងក្របខណ្ឌប្រឆាំងព័ត៌មានក្លែងក្លាយក្នុងតំបន់ និងជាសកល។
យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលដឹកនាំដោយក្រសួងព័ត៌មាន ត្រូវបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៥ក្នុង២៥រាជធានី-ខេត្ត ដើម្បីលើកកម្ពស់សន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដោយផ្តោតលើការបង្កើនកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសកម្មចំនួនជាង ១៤លាននាក់ ស្មើនឹងប្រមាណ៧៨% នៃចំនួនពលរដ្ឋសរុប។ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងកាត់បន្ថយផលវិបាកអវិជ្ជមាន និងការពារប្រជាពលរដ្ឋឱ្យជៀសផុតពីគ្រោះថ្នាក់ទាំងឡាយ ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ សំដៅធានាបាននូវសុវត្ថិភាពព័ត៌មាន និងជំនឿទុកចិត្តក្នុងសង្គមឌីជីថល។
តាមរយៈយុទ្ធនាការជាតិនេះ ប្រតិបត្តិករ និងតួអង្គទាំងអស់ដែលចូលរួមបានចាក់បញ្ចូលមាតិកាលើកម្ពស់អក្ខរកម្ម និងបែបអប់រំក្នុងទម្រង់ចម្រុះចំនួនជាង១២.០០០ មាតិកាទៅក្នុងបណ្តាញសង្គម ដោយទទួលបានអ្នកតាមដាន ដើម្បីចែករំលែកបន្តសរុបជាង ៨,៤ លាន ក្នុងយុទ្ធនាការនេះ។មិនតែប៉ុណ្ណោះ សារអប់រំក៏ត្រូវបានបញ្ជូនតាមរយៈប្រព័ន្ធសារចល័ត(SMS) បានទៅដល់ដៃអ្នកប្រើប្រាស់ទូរសព្ទ ២៣ លាន ខ្សែ/គណនីនៅទូទាំងប្រទេស។ ការផ្សព្វផ្សាយតាមបែបឌីជីថលទាំងនេះ ត្រូវបានបន្ទរបន្ថែមដោយការចុះផ្សព្វផ្សាយដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ដែលបានរៀបចំតាមទីប្រជុំជនរាជធានី-ខេត្តចំនួនជាង ៥០០ លើក និងការផ្សាយសារអប់រំលើផ្ទាំងប៉ាណូធំៗចំនួន ៦១ ផ្ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងការអនុវត្តយុទ្ធនាការនេះ ក្រសួងព័ត៌មានបានសហការជាមួយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងវិស័យឯកជន ក្នុងនោះមន្ទីរព័ត៌មានបានសម្របសម្រួលរៀបចំសកម្មភាពចុះផ្សព្វផ្សាយផ្ទាល់ដល់ពលរដ្ឋ និងតាមបណ្តាញសង្គម ព្រមទាំងមានការចូលរួមពីអាជ្ញាធរក្នុងរាជធានី-ខេត្តទាំងអស់ អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម សិស្ស និស្សិត អាជីវករ និងពលរដ្ឋទូទៅ។
ឯកឧត្តមអនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបង្ហាញពីគុណតម្លៃនៃយុទ្ធនាការនេះថាបានដើរតួនាទីយ៉ាងសំខាន់ជាខែលការពារពលរដ្ឋ ពិសេសជួយយុវជនកម្ពុជាដែលស្មើនឹង ៦៦% នៃចំនួនប្រជាជនសរុប ឱ្យជៀសផុតពីហានិភ័យនៃការឆបោក ការកេងចំណេញផ្នែកនយោបាយ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថាយុទ្ធនាការបានចូលរួមផ្តល់ស្ថិរភាពសតិអារម្មណ៍ និងសាមគ្គីភាពជាតិក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយទប់ស្កាត់បាននូវការធ្លាក់ចូលក្នុងអន្ទាក់ព័ត៌មានក្លែងក្លាយពីបរទេស និងសារព័ត៌មានក្រៅប្រទេសដែលបម្រើរបៀបវារៈនយោបាយឈ្លានពានទឹកដី រំលោភអធិបតេយ្យភាពកម្ពុជា។
ជាកិត្យានុភាពជាតិលើឆាកអន្តរជាតិ ឯកឧត្តម ទេព អស្នារិទ្ធ បានបង្ហាញបទពិសោធន៍ដែលក្រសួងព័ត៌មានទទួលបានពីការចូលរួមក្នុងវេទិកាអន្តរជាតិនានាកន្លងមក ពិសេសតាមរយៈវេទិកាក្នុងតំបន់ ថា បណ្តាប្រទេសអាស៊ានបានទទួលស្គាល់ កម្ពុជាជាប្រទេសគំរូក្នុងតំបន់ លើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ (Malinformation) និងព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។ ក្នុងវេទិការទាំងនោះ កម្ពុជាក៏បានចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រនៃការប្រយុទ្ធប្រឆាំង ទប់ស្កាត់ព័ត៌មានក្លែងក្លាយជូនដល់បណ្តាប្រទេសដែលបានដកពិសោធន៍ និងការរៀនសូត្រពីកម្ពុជា ដើម្បីយកទៅអនុវត្តក្នុងប្រទេសខ្លួនផងដែរ។
បន្ថែមលើយុទ្ធនាការនេះទៀត ក្រសួងព័ត៌មានក៏បានសហការជាមួយក្រសួង ស្ថាប័នក្នុងការអនុវត្តយន្តការបន្សាបព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងបរិយាកាសល្អសម្រាប់ការអភិវឌ្ឍ។ កិច្ចសហប្រតិបត្តិការនេះ បានគ្របដណ្តប់លើវិស័យសំខាន់ៗ រាប់បញ្ចូលទាំង ទេសចរណ៍ ពាណិជ្ជកម្ម ការងារ នវានុវត្តន៍ ទីផ្សារ សុខាភិបាល និងសន្តិសុខ ជាដើម ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងជំនឿទុកចិត្តពីសំណាក់សាធារណជន និងវិនិយោគិន។

ឯកឧត្តមអនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ «យុទ្ធនាការជាតិដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយនេះ បានក្លាយជានិមិត្តរូបនៃការធានាសុវត្ថិភាពព័ត៌មានជូនដល់ពលរដ្ឋ ទាំងអស់ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមសកម្មសម្រាប់ការទទួលព័ត៌មាន» ។ ឯកឧត្តមបានបន្តទៀតថាយុទ្ធនាការនេះមិនត្រឹមតែជាការផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការយុទ្ធសាស្ត្រក្នុងការរួមចំណែកកសាងភាពធន់ឌីជីថលជូនដល់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងក្របខណ្ឌនេះ ក្រសួង និងមន្ទីរព័ត៌មាននឹងបន្តអនុវត្តទិសដៅយុទ្ធសាស្ត្រដើម្បីជំរុញចលនាពលរដ្ឋឌីជីថលល្អតាមរយៈការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ តាមរយៈការពង្រីកកិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ, លើកទឹកចិត្តនិងបង្កើនការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់, ព្រមទាំងពង្រឹងយន្តការឆ្លើយតបដើម្បីបន្សាប ទប់ស្កាត់ និងកម្ចាត់រាល់ប្រភពនៃព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា សំដៅការពារផលប្រយោជន៍សាធារណៈ និងសន្តិសុខព័ត៌មាននៅកម្ពុជា។
សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមក្នុងយុទ្ធនាការនេះ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «គិត ពិចារណា និងផ្ទៀងផ្ទាត់» មុននឹងសម្រេចចិត្តជឿ ឬចែករំលែកព័ត៌មានណាមួយ ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិភាពសង្គម ។