យន្តហោះ Drone ដែលមិនស្គាល់អត្តសញ្ញាណបានសម្លាប់មនុស្សជាច្រើននាក់ក្នុងហេតុការណ៍វាយប្រហារ២កន្លែងផ្សេងគ្នានៅទីជនបទនៃខេត្ត Idlib ប្រទេសស៊ីរី

ការវាយប្រហារដោយយន្តហោះ Drone និងដោយគេមិនស្គាល់អត្តសញ្ញាណនេះបានកើតឡើងកាលពីថ្ងៃអង្គារម្សិលមិញ ដោយវាបានសម្លាប់បុរសម្នាក់ និងរបួសមនុស្ស៣នាក់ផ្សេងទៀតនៅក្នុងរថយន្តមួយនៃទីជនបទភាគខាងជើងខេត្ត Idlib ប្រទេសស៊ីរី។ ជាងមេកានិកម្នាក់ឈ្មោះថា Hafez Younis ដែលបានកំពុងធ្វើការនៅ Atme បានប្រាប់ថា លោកបានឮសំឡេងផ្ទុះ និងចេញមកមើលក៏បានឃើញរថយន្តមួយគ្រឿងត្រូវជាប់នឹងទីតាំងផ្ទុះ សំបកគ្រាប់ខ្លះបានខ្ទាតទៅចំមនុស្ស៣នាក់បាត់ទៅហើយ។ ព័ត៌មានលម្អិតអំពីអត្តសញ្ញាណបុរសទាំងបួននាក់មិនត្រូវបានគេរាយការណ៍នៅឡើយទេ។ មិនតែប៉ុណ្ណោះក៏មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដាច់ដោយឡែកមួយទៀតដែរ ដោយបានកំណត់គោលដៅលើអ្នកជិះម៉ូតូនៅជាយក្រុង al-Dana នៅទីជនបទភាគខាងជើងនៃខេត្ត Idlib ដូចគ្នា។ មិនមានការអះអាងពីការទទួលខុសត្រូវលើហេតុការណ៍វាយប្រហារទាំងពីរនោះទេ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុកបានរាយការណ៍ថា បុរសពីរនាក់បានជិះម៉ូតូ អំឡុងពេលដែល Drone វាយប្រហារមកលើពួកគេ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរាយការណ៍ថា បុរសពីរនាក់ត្រូវស្លាប់នៅលើម៉ូតូ។ ទន្ទឹមនឹងនេះដែរសារព័ត៌មានក្នុងស្រុក Al-Watan បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9 នេះគឺដំណើរការដោយក្រុមចម្រុះផលិតដោយសហរដ្ឋអាមេរិក ហើយវាត្រូវយកមកវាយប្រហារនៅជិតតំបន់ al-Dana ម្តងរួចហើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ