ម្ចាស់ពានរង្វាន់ មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ បានទៅលើក្រុមកុមារមកពីសាលា “ សាលាបឋមសិក្សា ព្រះនរោត្តម “ ទទួលបានថវិកា ១០លានរៀល,

ចំណាត់ថ្នាក់លេខ២ បានទៅលើ សាលាបឋមសិក្សា វត្តរាជបូណ៌ ទទួលបានថវិកា ៦លានរៀល, លេខ ៣ សាលាបឋមសិក្សា វត្តកោះ ទទួលបានថវិកា ៣លានរៀល, លេខ៤ សាលាបឋមសិក្សា មីគីវ៉េ ទទួលថវិកា ២លានរៀល, លេខ៥ សាលាបឋមសិក្សា គៀនឃ្លាំង ទទួលបានថវិកា ២លានរៀល។ ជាមួយនឹងការទទួលបានថវិកា ចំណាត់ថ្នាក់លេខ ១ដល់ លេខ៥ ក៏ទទួលបាន ពានរង្វាន់ និងប្រកាសនីយប័ត្រ ផងដែរ ។
លទ្ធផលដែលសម្រេចដោយគណៈកម្មការដាក់ពិន្ទុកនេះ ធ្វើឡើងក្នុងឱកាសវគ្គប្រឡងផ្តាច់ព្រាត់ក្នុង មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ក្រោមប្រធានបទ «កុមារ៖ អនាគតយើង ការទទួលខុសត្រូវរបស់យើង»
ដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ។
កុមារា កុមារី ជាសិស្សានុសិស្សដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១៣ឆ្នាំ ១ក្រុមចំនួន ៥នាក់ ដែលសិក្សានៅសាលា បឋមសិក្សាតាមបណ្តាសាលារៀនរដ្ឋ សាលាឯកជន អង្គការ និងសហគមន៍ នានា ក្នុងរាជធានី ខេត្ត ក្រុង ចំនួន ២៩ក្រុម បានមកចូលប្រឡង មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ។
មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ប្រារព្ធឡើងដើម្បីអបអរសាទរខូបលើកទី៧៦ នៃទិវាអន្តរជាតិកុមារ១មិថុនា ខួបលើកទី២៤ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។ សម្រាប់ទិវាកុមារកម្ពុជាឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រធានកិត្តិយសបានលើកនូវប្រធានបទ ” បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព ” ៕