ម៉ាឡេស៊ី និងកម្ពុជា រក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងសម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

តាមរយៈជំនួបនេះ បានគូសបញ្ជាក់ជាថ្មីម្តងទៀតពីការប្ដេជ្ញារួមគ្នាស្វាគមន៍កិច្ចសហប្រតិបត្តិការជាដៃគូល្អ មិត្តល្អ ពង្រឹង និងពង្រីក ភាពជិតស្និទ្ធរវាងសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទិ១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជំនួបនេះ ប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥  នាទីស្តីការក្រសួងសុខាភិបាល រវាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយនិងឯកឧត្តម ស្យាហារ៉ូឌីន អ៊ន (HE Mr. Shaharuddin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ គោលបំណងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បាន
ថ្លែងអំណរគុណដល់រដ្ឋាភិបាល ម៉ាឡេស៊ី លើកិច្ចសហការគាំទ្រវិស័យសុខាភិបាល ចូលរួមលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងបានរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធសុខាភិបាល នៅកម្ពុជានាពេលកន្លងមក។

ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានទទួលជួបពិភាក្សាការងារនាឱកាសដ៏មមាញឹកនេះ និងបានបង្ហាញអំពីជំហរដ៏រឹងមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល បន្ថែមទៀត រួមមានការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍  ការសហការស្រាវជ្រាវពីជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងសុខភាពទេសចរ៕