ម៉ាស៊ីនស្វ័យសេវា ប.ស.ស. ៣២គ្រឿង ត្រូវបានក្រសួងការងារដាក់ឲ្យប្រើ ដើម្បីបង្កើនល្បឿននិងតម្លាភាព
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២២ ខែមេសាថា បច្ចុប្បន្នភាពម៉ាស៊ីនស្វ័យសេវា ប.ស.ស. (NSSF Self Service) បានដាក់បំពាក់នៅតាមបណ្តាមន្ទីរពេទ្យជាតិចំនួន ១២ ដែលមានសរុបចំនួន ៣២គ្រឿង។
ឯកឧត្តម បន្តថា ៖ «ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្វ័យសេវា ប.ស.ស. នេះ គឺជាជំហានសំខាន់ក្នុងការពន្លឿនផ្តល់សេវាសាធារណៈឱ្យកាន់តែលឿន រហ័ស មានតម្លាភាព និងងាយស្រួលសម្រាប់សមាជិកប្រើប្រាស់សេវាប.ស.ស.។ ប្រព័ន្ធនេះមិនត្រឹមតែជួយកាត់បន្ថយពេលវេលារង់ចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ការការក្លែងបន្លំ និងធានាថាសមាជិក ប.ស.ស. ទទួលបានសេវាត្រឹមត្រូវតាមលំដាប់ផងដែរ»។
បើតាមការបញ្ជាក់ពីក្រសួងការងារ ម៉ាស៊ីនស្វ័យសេវា ប.ស.ស. (NSSF Self Service) មានសារៈប្រយោជន៍ជាច្រើនរួមមាន សមាជិកអាចព្រីនទម្រង់ប្រាស់សេវាដោយខ្លួនឯង, សេវាលឿន រហ័ស និងទាន់ពេលវេលា (មិនខកខានការពិនិត្យ), កាត់បន្ថយការក្លែងបន្លំ (ករណីខ្ជីកាតបងប្អូន សាច់ញាតិ-មិត្តភក្តិមកប្រើប្រាស់). សមាជិកអាចទទួលសេវាតាមលំដាប់ (អ្នកមកមុនទទួលសេវាមុន), មន្ទីរពេទ្យមិនចាំបាច់ធ្វើការចុះឈ្មោះម្ដងទៀត, ផ្ដល់ភាពរហ័យដល់ការទូទាត់ដល់មូលដ្ឋានសុខាភិបាល (ពេលភ្ជាប់ប្រព័ន្ធគ្នា)៕



