មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំប្រតិភូ ជួបសំណេះសំណាល ពង្រឹងសម្ព័ន្ឋមេត្រីភាព ជាមួយ មេបញ្ជាការ កងទ័ពភូមិភាគទី១ ថៃ

ខេត្តបាត់ដំបង÷ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥  ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំប្រតិភូ ជួបពិភាក្សាការងារពង្រឹងសម្ព័ន្ធមេត្រីភាព និងដោះស្រាយបញ្ហាក្នុងតំបន់ ភូមិសាស្ត្រទទួលខុសត្រូវរួមគ្នា ដើម្បីបង្កើនឡើងនូវកិច្ចសហប្រតិបត្តិ ការឱ្យបានល្អចំពោះការអនុវត្តការងាររួមគ្នាព្រមទាំងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពយោធាក្នុងតំបន់ភូមិសាស្ត្រនៃប្រទេសទាំងពីរ នៅអគារសមោស នាយទាហាន បន្ទាយសុរ៉ាក់ស៊ីងណាត មជ្ឈមណ្ឌលប្រតិបត្តិការ កងទ័ពជើងគោកលេខ១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក្នុងនាម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានការទទួលស្វាគមន៍បដិសណ្ឋារកិច្ចពីប្រតិភូ ឧត្តមសេនីយ៍ឯក អាក់ម៉ាក់រិត ប៊ុនសុយ៉ា មេបញ្ជាការ កងទ័ពភូមិភាគទី១ ដែលបានជួបសម្ដែងការគួរសម និងពិភាក្សា ការងាររាជការ រវាងថ្នាក់ដឹកនាំរបស់កងកម្លាំងយោធភូមិភាគទី៥ ជាមួយថ្នាក់ដឹកនាំ កងទ័ពភូមិភាគទី១ នាឱកាសនេះ។

ការអញ្ជើញជួបសម្តែងការគួរសម រវាងថ្នាក់ដឹកនាំរបស់ភូមិភាគទាំងពីរ និងប្រតិភូ នាពេលនេះ គឺជាការចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនៃភាគីយើងទាំងពីរ ដែលមានភូមិផងរបងជាមួយគ្នា។ កន្លងមកថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរួមសហការគ្នាជាបន្តបន្ទាប់ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ជាពិសេសជួយសម្រួលដល់ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែននៃភាគីទាំងពីរប្រកបដោយភាពសុខសាន្ត៕