មេបញ្ជាការកងទ័ពអ៊ីស្រាអែលបញ្ជាក់ពីការកំណត់ព្រំដែនថ្មី «ជាខ្សែលឿង» នៅ GAZA! ខណៈមនុស្សស្លាប់សរុប៣៧៣នាក់ និងរបួស៩៧០នាក់ក្រោយពីមានបទឈប់បាញ់មក

មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir បាននិយាយថា៖ ការកំណត់ព្រំដែន “ជាខ្សែលឿង” គឺជា “ខ្សែព្រំដែនថ្មី” នៅខាងក្នុងតំបន់ហ្គាហ្សា ខណៈដែលប្រភពព័ត៌មានមួយចំនួនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនម្នាក់ដែលបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនថ្មីនោះត្រូវបានគេសម្លាប់នៅថ្ងៃដដែលដែរ។ “ខ្សែពណ៌លឿង” សម្គាល់ជាតំបន់ដែលកងទ័ពអ៊ីស្រាអែលមិនទាន់ដកថយនៅក្នុងតំបន់ប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃការរៀបចំបទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី១០ខែតុលា។ លោក Zamir បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ Beit Hanoun និង Jabaliya ក្នុងតំបន់ហ្គាហ្សាថា៖ វាជាកន្លែងដែលលោកបានជួបជាមួយមេបញ្ជាការកងពលដោយលើកឡើងថា “ខ្សែពណ៌លឿង” នេះគឺជាខ្សែព្រំដែនថ្មី ដែលបម្រើជាខ្សែការពារជួរខាងមុខសម្រាប់សហគមន៍របស់យើង និងជាខ្សែនៃសកម្មភាពប្រតិបត្តិការដេរ”។ លោកបាននិយាយថា យោធាបានកាន់កាប់ “ការគ្រប់គ្រងប្រតិបត្តិការលើផ្នែកជាច្រើននៅតំបន់ហ្គាហ្សា” ដោយបន្ថែមថា កងកម្លាំងអ៊ីស្រាអែល “នឹងនៅតែមាន” នៅក្នុងតំបន់ទាំងនោះដដែល។ លោក Zamir បានបន្ថែមថា កងទ័ព “នឹងមិនអនុញ្ញាតឱ្យក្រុមហាម៉ាសបង្កើតខ្លួនឯងឡើងវិញនោះទេ” ហើយពួកគេក៏កំពុងរៀបចំសម្រាប់ “សេណារីយ៉ូវាយប្រហារដោយមិនរំពឹងទុកជាមុនដែរ” ដែលលោកបានពិពណ៌នាថាវាជាមូលដ្ឋានគ្រឹះនៃផែនការច្រើនឆ្នាំខាងមុខរបស់យោធា។ កាលពីថ្ងៃអាទិត្យម្សិលមិញនោះដែរ ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅក្នុងតំបន់ Mawasi នៃ Rafah ភាគខាងត្បូងហ្គាហ្សា។ រថយន្តសង្គ្រោះបន្ទាន់ និងសេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្សម្នាក់ ត្រូវបានគេសម្លាប់នៅខាងក្រៅតំបន់ដាក់ពង្រាយកងទ័ពអ៊ីស្រាអែលនៅ Mawasi។ កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា កងទ័ពនៅភាគខាងត្បូងហ្គាហ្សា «បានកំណត់អត្តសញ្ញាណភេរវករម្នាក់ដែលបានឆ្លងកាត់ខ្សែពណ៌លឿងនោះ ហើយបានចូលទៅជិតកងទ័ព ដែលបង្កជាការគំរាមកំហែងភ្លាមៗ» ហើយពួកគេបានលាក់ បំបាំងភេរវករនោះ»។ ភាគីប៉ាឡេស្ទីនមិនទាន់ឆ្លើយតបបាននៅឡើយទេរហូតមកដល់ពេលនេះ ប៉ុន្តែចាប់តាំងពីមានបទឈប់បាញ់កាលពីខែតុលាមក អាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៧៣នាក់ និងរបួស ៩៧០នាក់។ ជារួមចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មកការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនសរុបចំនួន ៧០,៣៦០នាក់ និងរបួស ១៧១,០៤៧នាក់៕

សម្រួលអត្ថបទ៖ សុផារិន្ទ