មេដឹកនាំម្ចាស់ផ្ទះអាស៊ានច្រានចោលនូវវោហាសាស្ត្រឲ្យប្រឈមមុខដាក់គ្នារបស់ប្រមុខការពារជាតិអាមេរិកនៅឯកិច្ចសន្ទនា Shangri-La នៃប្រទេសសិង្ហបុរី

សន្ទរកថារបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth នៅឯវេទិកាកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍នេះហាក់បានព្យាយាមជំរុញឱ្យមានជម្លោះរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដែលពោរពេញទៅដោយសង្គ្រាមត្រជាក់ និងការគិតប្រឈមមុខគ្នា ដោយសង្កត់ធ្ងន់ថា វិធីសាស្រ្តនេះគឺមានឥទ្ធិពលតិចតួចលើប្រទេសក្នុងតំបន់។ នៅក្នុងសុន្ទរកថាសំខាន់របស់លោក Hegseth ពីសហរដ្ឋអាមេរិកបានជំរុញឱ្យបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកបង្កើនការចំណាយយោធារបស់ពួកគេដល់៥%នៃផលិតផលក្នុងស្រុកសរុប ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលយល់ឃើញពីប្រទេសចិននៅក្នុងតំបន់ រួមទាំងនៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ដែរ។ បន្ទាប់ពីសុន្ទរកថារបស់សហរដ្ឋអាមេរិក លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្នបានព្រមានពីគ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នាក្នុងប្លុកបន្ទាប់ពីសុន្ទរកថារបស់លោកពីក្នុងកិច្ចប្រជុំកំពូលដោយសង្កត់ធ្ងន់ថាបញ្ហាសមុទ្រចិនខាងត្បូងដែលចាំបាច់ត្រូវដោះស្រាយតាមរយៈការសន្ទនាជាជាងការប្រឈមមុខដាក់គ្នានោះ។ ចំណែកលោក Da Wei ជានាយកមជ្ឈមណ្ឌលសន្តិសុខ និងយុទ្ធសាស្ត្រអន្តរជាតិនៃសាកលវិទ្យាល័យ Tsinghua បាននិយាយថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិនគឺពោរពេញទៅដោយហាក់ពង្វក់ស្មារតីឲ្យប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ ដែលមិនមានលក្ខណៈស្ថាបនាសម្រាប់ទំនាក់ទំនងចិន-អាមេរិកនាពេលបច្ចុប្បន្ននេះទេ ជាពិសេសដោយសារតែប្រទេសទាំងពីរបានស្ថិតក្នុងកិច្ចចរចាពាណិជ្ជកម្មនៅឡើយ។ លោកបាននិយាយថា “ខ្ញុំគិតថាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីបែងចែកប្រទេសចិន និងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកគឺគ្មានប្រសិទ្ធភាពនោះទេ ព្រោះវាខ្វះការបញ្ចុះបញ្ចូល” ក្នុងនោះលោកក៏ជាគណៈប្រតិភូមួយរូបផងដែរនៅក្នុងកិច្ចសន្ទនា Shangri-La ។ មានសំណួរជាច្រើនលើកឡើងថាតើប្រទេសក្នុងតំបន់នឹងយល់ព្រមជាមួយអាមេរិកឬទេ? លោក Da បានកត់សម្គាល់ថា បណ្តាប្រទេសក្នុងតំបន់មានមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយប្រទេសចិន ហើយថាការលើកឡើងដែលជាចេតនាបង្កហេតុមួយចំនួនពីសហរដ្ឋអាមេរិកនឹងមិនផ្លាស់ប្តូរទាំងស្រុងនោះទេ។ ប៉ុន្មានម៉ោងបន្ទាប់ពីសុន្ទរកថារបស់ប្រមុខការពារជាតិអាមេរិក លោក Anwar របស់ប្រទេសម៉ាឡេស៊ីបានព្រមាននៅក្នុងសុន្ទរកថាមួយទៀតនៅឯកិច្ចសន្ទនាថា “នៅពេលដែលមហាអំណាចព្យាយាមបែងចែកពិភពលោក ទៅជាតំបន់គ្រប់គ្រងផ្តាច់មុខនោះប្រទេសតូចៗជារឿយៗត្រូវបានទុកចោលដោយគ្មានសំលេងនោះទេ។ លោកបានបន្តថា៖ ម៉ាឡេស៊ីមិនជឿលើចំណែកនៃឥទ្ធិពលនោះទេ។ ស្ថិរភាពមិនមែនបានមកពីការឆ្លាក់ចុះនៃផែនទីទេ ប៉ុន្តែវាបានមកពីការបង្កើតកន្លែងសម្រាប់ទាំងអស់គ្នាដើម្បីចូលរួមប្រកបដោយអត្ថន័យនៃការរៀបចំលំដាប់លំដោយដែលយើងរស់នៅរួមគ្នា។ បន្ថែមពីលើនេះ លោក Anwar បានស្នើថា បញ្ហាសមុទ្រចិនខាងត្បូង “ត្រូវបានបន្តយ៉ាងល្អបំផុត តាមរយៈទំនាក់ទំនងការទូតជាគោលការណ៍ ស្ថិរភាព ស្ងប់ស្ងាត់ នៅពេលចាំបាច់ ប៉ុន្តែតែងតែរឹងមាំជានិច្ច”។ មេដឹកនាំអាស៊ីអាគ្នេយ៍រូបនេះបាននិយាយទៀតថា “យើងមិនមានចំណាប់អារម្មណ៍ក្នុងការមើលឃើញភាពតានតឹងឲ្យវិលទៅរកការប្រឈមមុខគ្នាជាដំណោះស្រាយនោះទេ… យើងនឹងជំរុញឱ្យមានការអត់ធ្មត់ លើកទឹកចិត្តការសន្ទនា និងគោលបំណងរក្សាស្ថិរភាពក្នុងតំបន់នេះតាមដែលអាចធ្វើទៅបាន៕
ប្រភព៖ CHINADAILY
សម្រួលអត្ថបទ៖ Borinika Sopharin Em