មេដឹកនាំចិនបង្ហាញរូបភាពរួមគ្នាជាមួយនឹងមេដឹកនាំអាម៉េរិកឡាទីននៃវេទិកា China–CELAC ២០២៥ ដោយបង្ហាញពីឆន្ទៈមិនខ្លាច រអារជាមួយនឹងសង្រ្គាមពន្ធគយ

ចិនបានពង្រឹងសម្ព័ន្ធភាពជាមួយប្រទេសផ្សេងៗជាច្រើនដើម្បីទប់ស្កាត់សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ដោយបានបង្ហាញរូបភាពជាមួយបណ្ដាមេដឹកនាំអាមេរិកឡាទីនក្នុងកម្មវិធីមួយដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង។ រូបភាពទាំងនេះគឺមេដឹកនាំចិនចង់បង្ហាញទៅកាន់ពិភពលោកថាខ្លួនជាប្រទេសមហាអំណាចទី២ផ្នែកសេដ្ឋកិច្ចហើយក៏ជាដៃគូពាណិជ្ជកម្មនិងអភិវឌ្ឍន៍ដែលអាចទុកចិត្តបាន នៅពេលអនាគតនឹងក្នុងស្ថានភាពមិនច្បាស់លាស់ដែលកើតឡើងដោយសារបញ្ហាពន្ធគយទំនិញនិងគោលនយោបាយផ្សេងៗរបស់លោក Trump ដែរ។ កាលពីថ្ងៃច័ន្ទនេះប្រទេសចិននិងសហរដ្ឋអាមេរិកបានចេញសេក្ដីប្រកាសស្ដីពីបញ្ហាពន្ធគយរួមគ្នា បន្ទាប់ពីការចរចារកាលពីចុងសប្តាហ៍នេះនៅទីក្រុងហ្សឺណែវ(Geneva) ប្រទេសស្វីស ដែលក្នុងនោះពួកគេបានយល់ព្រមកាត់បន្ថយគំនាបពន្ធគយកម្រិតខ្ពស់ទាំងសងខាង រយៈពេល៩០ថ្ងៃដើម្បីបើកផ្លូវសម្រាប់ការចរចារគ្នា។ បន្ទាប់ពីមានការផ្ដួចផ្ដើមដើម្បីកាត់បន្ថយស្ថានភាពប្រយុទ្ធប្រឆាំងជាមួយនឹងសហរដ្ឋអាមេរិក ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា៖ចិនត្រៀមខ្លួនរួចជាស្រេចដើម្បីរួមដៃគ្នាជាមួយប្រទេសអាមេរិកឡាទីន ក្នុងការប្រឈមមុខនឹងភាពតានតឹងផ្នែកនយោបាយដែលកំពុងកើនឡើង ស្របពេលដែលបណ្ដាប្រទេសមួយចំនួនកំពុងប្រមូលផ្ដុំគ្នាដើម្បីពង្រឹងសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួនជាក្រុម ហើយប្រទេសជាច្រើនទៀតក៏កំពុងធ្វើសកម្មភាពតែឯកឯងដើម្បីរារាំងរនាំងពាណិជ្ជកម្មសេរី និង ដើម្បីការពារខ្លួនឯងដែរ។ យោងទៅតាមប្រសាសន៍របស់លោក Xi Jinping បាបញ្ជាក់ទៀតថា៖ គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធគយ ឬសង្គ្រាមពាណិជ្ជកម្មនោះទេ ដែលនេះគឺជាអ្វីដែលលោក Xi បានថ្លែងក្នុងជំនួបវេទិកា China–CELAC ដែលមានន័យថា វេទិការពិភាក្សានៃសហគមន៍អាមេរិកឡាទីននិងរដ្ឋការ៉ាប៊ីន ចាប់ផ្ដើមនៅឆ្នាំ២០១៥។ លោកបានប្រកាសអំពីគោលបំណងក្នុងកិច្ចសហប្រតិបត្តិការទាំង៥ចំណុចដែលផ្តោតលើការផ្លាស់ប្ដូរនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខសកល កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌និងវិស័យអប់រំផងដែរ ដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាងមុនជាមួយប្រទេសអាមេរិកឡាទីន។ លោកបានសន្យាថានឹងបន្ថែមការនាំចូលផលិតផលពីតំបន់ទាំងនោះទៅកាន់ប្រទេសចិន ហើយលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនទៅធ្វើវិនិយោគនៅតាមបណ្ដាប្រទេសទាំងនោះផងដែរ និងប្រកាសផ្ដល់ប្រាក់ឥណទានថ្មីចំនួន៦៦ប៊ីលានយ័ន ឬ៩.២ប៊ីលានដុល្លារអាម៉េរិក ដើម្បីគាំទ្រហិរញ្ញវត្ថុនៅតំបន់អាមេរិកឡាទីននិងតំបន់ការ៉ាប៊ីន។ សូមបញ្ជាក់វិស័យពាណិជ្ជកម្មវាងចិនជាមួយប្រទេសក្នុងអាមេរិកឡាទីនកំពុងកើនឡើងជាលំដាប់ដែលសរុបជាថវិកាប្រមាណជាង៥០០ប៊ីលានដុល្លារអាម៉េរិកកាលពីដើមឆ្នាំមុន ហើយភាគច្រើនកំណើននេះកើនឡើងមានប្រភពចាប់តាំងពីការនាំចូលផលិតផលកសិកម្មដូចជាសណ្តែកសៀងនិងសាច់គោ ព្រមទាំងថាមពលដូចជា ប្រេងឆៅ ដែក និងសារធាតុរ៉ែសំខាន់ៗ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា