មេដឹកនាំកូរ៉េខាងជើង លោក Kim Jung Un ធ្វើដំណើរតាមរយៈ រថភ្លើងពិសេសទៅចូលរួមក្បួនព្យុហយាត្រាយោធារបស់ប្រទេសចិនជាលើកដំបូង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងរបស់ពួកគេលោក គីម ជុងអ៊ុន កំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងតាមរថភ្លើងនៅថ្ងៃអង្គារនេះ ដើម្បីចូលរួមក្បួនព្យុហយាត្រាយោធាជាមួយសមភាគីចិននិងរុស្ស៊ី។ ព្រឹត្តិការណ៍នេះអាចបង្ហាញពីការរួបរួមគ្នាជាបីផ្លូវដ៏មានសក្តានុពលរបស់ពួកគេប្រឆាំងនឹងសហរដ្ឋអាមេរិក។ លោក គីម និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកទាំង ២៦រូប ដែលនឹងចូលរួមជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីទស្សនាក្បួនដង្ហែរយោធាដ៏ធំនៅថ្ងៃពុធនេះ នៅទីក្រុងប៉េកាំង ដើម្បីរំលឹកខួបលើកទី ៨០នៃការបញ្ចប់សង្គ្រាមលោកលើកទី 2 និងការប្រយុទ្ធប្រឆាំងរបស់ចិន ចំពោះការឈ្លានពានក្នុងសម័យសង្រ្គាម។ ខណៈដែលព្រឹត្តិការណ៍នេះធ្វើឡើងជាការកត់សម្គាល់គឺមានវត្តមាន មេដឹកនាំធំៗមកចូលរួមក្នុងព្រឹត្តិការណ៍នេះជាពហុភាគីដ៏សំខាន់ជាលើកដំបូងរបស់លោក Kim ក្នុងអំឡុងពេលកាន់អំណាចរយៈពេល ១៤ឆ្នាំមកនេះរបស់គាត់ វាក៏នឹងជាលើកដំបូងផងដែរសម្រាប់លោក Kim លោក Xi និងលោក Putin ដែលជាគូប្រជែងសំខាន់ៗបំផុតរបស់សហរដ្ឋអាមេរិកក្នុងការប្រមូលផ្តុំគ្នានៅកន្លែងតែមួយគឺទីក្រុងប៉េកាំងប្រទេសចិន។ គ្មានមេដឹកនាំណាម្នាក់បានបញ្ជាក់ពីកិច្ចប្រជុំត្រីភាគីជាឯកជនរបស់មេដឹកនាំទាំង៣នៅឡើយទេ ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើងបានរាយការណ៍នាព្រឹកថ្ងៃអង្គារនេះទៀតថា លោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ទីក្រុងប៉េកាំងតាមរយៈរថភ្លើងពិសេសរបស់លោកកាលពីថ្ងៃចន្ទមក ដើម្បីចូលរួមក្នុងការប្រារព្ធពិធីនៅប្រទេស។ KCNA បានដកស្រង់សម្តីមន្ត្រីក្រសួងការបរទេស Kim Chon Il បាននិយាយថា លោក គីម ជុងអ៊ុន កំពុងធ្វើដំណើរជាមួយមន្ត្រីកំពូលៗ រួមទាំងរដ្ឋមន្ត្រីការបរទេស Choe Son Hui ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ទៀតថា រថភ្លើងរបស់លោក គីម ត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុងប៉េកាំងនៅល្ងាចថ្ងៃអង្គារនេះ បន្ទាប់ពីបានឈប់សំចតនៅក្នុងទីក្រុង Dandong ព្រំដែនចិន។ នេះគឺជាការធ្វើដំណើររបស់លោក គីម ជាលើកដំបូងសម្រាប់ទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៩មក និងជាដំណើរទស្សនកិច្ចលើកទី៥សម្រាប់មេដឹកនាំកូរ៉េខាងជើងទៅកាន់ប្រទេសចិន ចាប់តាំងពីលោកបានទទួលមរតកអំណាច ក្រោយមរណភាពឪពុករបស់លោកនៅចុងឆ្នាំ ២០១១៕
សម្រួលអត្ថបទ៖ សុផារិន្ទ