មេដឹកនាំកូរ៉េខាងជើងនិងកូនស្រីរបស់លោក Kim Ju Ae ចូលរួមសម្ពោធនាវាចម្បាំងថ្មីជាលើកទី២ឡើងវិញ បន្ទាប់ពីធ្លាប់ បរាជ័យកាលពីលើក១

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានបង្ហាញរូបភាពនាវាថ្មីមួយគ្រឿនៅថ្ងៃសុក្រនេះ ហើយបានឲ្យដឹងថារូបភាពទាំងនោះត្រូវបានថតកាលពីថ្ងៃព្រហស្បតិ៍នេះ។ គួរបញ្ជាក់ថាសារព័ត៌មានរបស់កូរ៉េខាងជើងតែងតែរាយការណ៍ព្រឹត្តិការណ៍ក្រោយមួយថ្ងៃ ឬច្រើនជាងមួយថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍ទាំងនោះបានកើតឡើង។ ការផ្សព្វផ្សាយព័ត៌មាននេះបានបង្ហាញឲ្យឃើញនូវមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចូលរួមក្នុងពិធីសម្ពោធនាវានេះជាមួយកូនស្រីរបស់លោក គឺនាងគឹម ជូអេ (Kim Ju Ae) ហើយនាវានេះមានឈ្មោះថា “កាង គុន” (Kang Kon) ដែលត្រូវបានដាក់ឈ្មោះតាមបុគ្គលសំខាន់ម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះលោកគីមបាននិយាយថា៖ កូរ៉េខាងជើងនឹងខិតខំសាងសង់នាវាចម្បាំងទំនើបបន្ថែមទៀត ដូចជានាវានេះផងដែរ នេះបើយោងតាមសេចក្តីរាយការណ៍របស់ KCNA។ គួរបញ្ជាក់ថាពិធីសម្ពោធនាវាថ្មីនេះ បានប្រារព្ធឡើងនៅទីក្រុងរ៉ាជិន (Rajin) ដែលជាច្រកព្រំដែនកំពង់ផែភាគឦសាននៃប្រទេសកូរ៉េខាងជើងបន្ទាប់ពីការបរាជ័យក្នុងដំណើរការទៅកាន់ក្រុងជុងជិន (Chongjin) ដែលស្ថិតនៅភាគខាងត្បូងនិងនៅលើឆ្នេរខាងកើតនៃឧបទ្វីបកូរ៉េ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា