មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) មានតួនាទីសំខាន់ក្នុងការធ្វើឱ្យប្រព័ន្ធគាំពារសង្គមឆ្ពោះទៅរកទស្សនវិស័យរួមរបស់រាជរដ្ឋាភិបាល គឺការបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ

ថ្លែងក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងស្តីពីកម្មវិធីជាតិជំនួយសង្គមដែលបាននឹងកំពុងអនុវត្តដោយ ម.ជ.ជ.” ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមបានបញ្ជាក់ថា មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) មានតួនាទីសំខាន់ក្នុងការធ្វើឱ្យប្រព័ន្ធគាំពារសង្គមឆ្ពោះទៅរកទស្សនវិស័យរួមរបស់រាជរដ្ឋាភិបាល គឺការបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ។

ឯកឧត្តម ស៊ឹម សុធន បន្តថា ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល មូលនិធិជាតិជំនួយសង្គម មានបេសកកម្មអនុវត្តកម្មវិធីជំនួយសង្គមនានា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ពិសេសស្ត្រី កុមារ ជនចាស់ជរា ជនមានពិការភាព អ្នកជម្ងឺអេដស៍ និងអ្នកផ្ទុកមេរោគអេដស៍ ទទួលបានការគាំទ្រជំនួយសង្គមកាន់តែមានលក្ខណៈទូលំទូលាយក្នុងវដ្តជីវិត ជួយកែលម្អលទ្ធភាពឱ្យទទួលបាន ការគ្របដណ្តប់អត្ថប្រយោជន៍ដល់ជនងាយរងគ្រោះដែលត្រូវការជំនួយ និងបង្កលក្ខណៈងាយស្រួលក្នុងការពង្រឹងក្របខ័ណ្ឌស្ថាប័ន និងបង្កើនប្រសិទ្ធភាពផ្នែកប្រតិបត្តិការសម្រាប់ផ្តល់ជំនួយសង្គមនានា របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះ។ មូលនិធិជាតិជំនួយសង្គម(ម.ជ.ជ.) ជាគ្រឹះស្ថានរដ្ឋបាលសាធារណៈត្រូវបានបង្កើតឡើង ឆ្នាំ២០២២ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្កើតឡើងដោយការធ្វើសមាហរណកម្មរវាងបេឡាជាតិអតីតយុទ្ធជន បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងនាយកដ្ឋានសុខុមាលភាពសង្គម។ ដើម្បីរួមចំណែកក្នុងការសម្រេចបានទស្សនវិស័យរបស់ មូលនិធិជាតិជំនួយសង្គមក្នុងគម្រោងលើកកម្ពស់វិស័យគាំពារសង្គម និងសុខុមាលភាពប្រជាជន មូលនិធិជាតិជំនួយសង្គមត្រូវការស្វែងរកដៃគូរសហការពីអង្គការ សមាគមជាតិនិងអន្តរជាតិដែលកំពុងបំពេញការងារពាក់ព័ន្ធទៅនឹងកិច្ចការសង្គមដូចគ្នា និងដើម្បីពន្លឿនការសម្រេចបានចក្ខុវិស័យប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

ឯកឧត្តម បានបន្ថែមថា សិក្ខាសាលានេះ មានគោលបំណងដើម្បីពង្រឹង និងពង្រីកការអនុវត្ត កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដើម្បីធានាបាននូវគុណភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព និងបរិយាបន្ន និងផ្តល់ឱ្យសិក្ខាកាមទាំងអស់បានស្វែងយល់អំពីទិដ្ឋភាពទូទៅនៃមូលនិធិជាតិជំនួយសង្គម ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៨ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការគ្រប់គ្រងទិន្នន័យអ្នកទទួលផលពីកម្មវិធីជាតិជំនួយសង្គម កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស(TVET) សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្រី្តមានផ្ទៃពោះ និងកូនតាមម្តាយអាយុក្រោម ២ ឆ្នាំ នៅពន្ធនាគារ ។