មិត្តភាពកម្ពុជា-ចិន សម្រេចបានផ្លែផ្កាមួយទៀត! ក្រុមហ៊ុនចិនហ៊រទាន ផ្តល់អំណោយរថយន្តពន្លត់អគ្គីភ័យទំនើប ដើម្បីពង្រឹងសុវត្ថិភាពបន្ទាន់របស់កម្ពុជា

ក្រុមហ៊ុនហ៊រទាន សីហនុវីល ផៅវ័រ ជេនើរេសិន ឯ.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឆាយណា ហ៊រទាន បានផ្តល់អំណោយរថយន្តពន្លត់អគ្គីភ័យទំនើបមួយគ្រឿង ជូនដល់អគ្គស្នងការនគរបាលជាតិ ដើម្បីជាការផ្តល់នូវការគាំទ្រដ៏សំខាន់ដល់សមត្ថភាពជួយសង្គ្រោះអគ្គីភ័យ និងសង្គ្រោះបន្ទាន់របស់កម្ពុជា ដោយការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។

ក្នុងពិធីនេះ ភាគីទាំង២ មានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក ចេវ ហាក់  អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ លោក Feng Yingshan នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊រទាន សីហនុវីល ផៅវ័រ ជេនើរេសិន ឯ.ក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ 

មុនពេលពិធីចាប់ផ្តើម ភាគីទាំងពីរបានសំណេះសំណាលក្នុងការផ្លាស់ប្តូរព័ត៌មានលើបញ្ហាសំខាន់ៗដូចជា ការកែលម្អសុវត្ថិភាពសាធារណៈ ការបង្កើនប្រសិទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន និងការបណ្តុះបណ្តាលបច្ចេកទេសពន្លត់អគ្គីភ័យ ដោយយល់ព្រមប្រើប្រាស់អំណោយនេះជាចំណុចចាប់ផ្តើមថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតក្នុងជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាននេះ។

តមក នៅក្នុងឱកាសនៃពិធីចុះហត្ថលេខា លោក Feng Yingshan បានមានប្រសាសន៍ថា ចាប់តាំងពីក្រុមហ៊ុនបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាមក ក្រុមហ៊ុនហ៊រទានសីហនុវីលផៅវ័រជេនើរេសិនឯ.ក មិនត្រឹមតែទទួលខុសត្រូវដ៏សំខាន់ក្នុងការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាពដល់ប្រទេសកម្ពុជា (បញ្ជូនអគ្គិសនីចំនួន ៥ ពាន់លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំ ដែលមានចំនួនជិតមួយភាគបីនៃការផលិតថាមពលសរុបរបស់ប្រទេសកម្ពុជា) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតែងតែផ្តល់អាទិភាពដល់ការបម្រើប្រជាជនកម្ពុជា និងបំពេញកាតព្វកិច្ចទំនួលខុសត្រូវក្នុងសង្គមផងដែរ។ 

លោកនាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊រទាន សីហនុវីល ផៅវ័រ ជេនើរេសិន ឯ.ក បានមានប្រសាសន៍បន្តថា “អំណោយរថយន្តពន្លត់អគ្គីភ័យនេះ គឺជាសកម្មភាពជាក់ស្តែងនៃការគាំទ្ររបស់យើង ចំពោះការសាងសង់ប្រព័ន្ធសុវត្ថិភាពសាធារណៈរបស់ប្រទេសកម្ពុជា និងរំពឹងថា រថយន្តនេះនឹងបានប្រើប្រាស់យ៉ាងឆាប់រហ័ស ដើម្បីបង្កើនសមត្ថភាពការពារអគ្គីភ័យក្នុងស្រុកប្រកបដោយប្រសិទ្ធភាព ផ្តល់ឱ្យសហគមន៍នូវទំនុកចិត្តកាន់តែខ្លាំងលើសុវត្ថិភាព និងសម្រេចបាននូវភាពកក់ក្តៅនៃសហគមន៍ចិន-កម្ពុជានៃអនាគតរួមគ្នា”។

តំណាងកម្ពុជា បានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះអំណោយរបស់ក្រុមហ៊ុនហ៊រទាន សីហនុវីល ផៅវ័រ ជេនើរេសិន ឯ.ក ដោយបញ្ជាក់ថា “រថយន្តពន្លត់អគ្គីភ័យទំនើបនេះ នឹងបង្កើនសមត្ថភាពឆ្លើយតបរហ័ស និងជំនាញដោះស្រាយជាក់ស្តែងរបស់អង្គភាពពន្លត់អគ្គីភ័យកម្ពុជាយ៉ាងច្រើន ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងកែលម្អប្រព័ន្ធជួយសង្គ្រោះជាតិក្នុងគ្រាអាសន្ន។ នេះមិនត្រឹមតែជាការគាំទ្ររបស់សហគ្រាសចិនចំពោះការអភិវឌ្ឍសង្គមរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសមិទ្ធផលដ៏រស់រវើកមួយទៀតនៃមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងចិនផងដែរ”។

នៅក្នុងពិធីនេះ តំណាងមកពីភាគីទាំងពីរបានចុះហត្ថលេខារួមគ្នា និងផ្លាស់ប្តូរឯកសារអំណោយ ដោយបានបញ្ចប់ការប្រគល់រថយន្តពន្លត់អគ្គីភ័យដោយជោគជ័យ។ ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏លេចធ្លោរបស់ក្រុមហ៊ុន ហ៊រទាន សីហនុវីល ផៅវ័រ ជេនើរេសិន ឯ.ក ចំពោះការអភិវឌ្ឍសង្គម និងសុវត្ថិភាពសាធារណៈរបស់កម្ពុជា កម្ពុជាបានផ្តល់រង្វាន់ដល់ក្រុមហ៊ុន ហ៊រទាន សីហនុវីល ផៅវ័រ ជេនើរេសិន ឯ.ក  នូវ “បណ្ណ័សរសើររួមចំណែកទំនួលខុសត្រូវសង្គម” ទទួលស្គាល់ការចូលរួមចំណែករបស់សហគ្រាសចិន ដែលជាសក្ខីភាពដ៏រស់រវើកចំពោះមិត្តភាពរវាងកម្ពុជា និងចិន។

គួរកត់សម្គាល់ថា ក្រុមហ៊ុនហ៊រទាន សីហនុវីល ផៅវ័រ ជេនើរេសិន ឯ.ក បច្ចុប្បន្ន គឺជារោងចក្រថាមពលដើរដោយធ្យូងថ្មដ៏ធំបំផុត មានបច្ចេកវិទ្យាទំនើបបំផុត និងមានស្មារតីការពារបរិស្ថានបំផុតរបស់កម្ពុជា ដោយផ្តល់ការគាំទ្រថាមពលប្រកបដោយស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ ការផ្តល់អំណោយ ជារថយន្តពន្លត់អគ្គីភ័យនេះ មិនត្រឹមតែពង្រឹងសមត្ថភាពជួយសង្គ្រោះបន្ទាន់ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបន្ថែមចំណុចលេចធ្លោថ្មីមួយដល់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ដែលប្រកបដោយគុណភាពខ្ពស់។

បន្ទាប់ពីពិធីនេះបានបញ្ចប់ ភាគីកម្ពុជាបានទៅទស្សនាទីតាំងផលិត កន្លែងការពារបរិស្ថាន និងស្ថានីយពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនហ៊រទាន សីហនុវីលផៅវ័រ ជេនើរេសិន ឯ.ក ដោយទទួលបានការយល់ដឹងលម្អិតអំពីដំណើរការផលិតសុវត្ថិភាព និងយន្តការគ្រប់គ្រងបន្ទាន់របស់រោងចក្រថាមពល ដែលដាក់គ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងភាគីទាំងពីរក្នុងវិស័យឆ្លើយតបបន្ទាន់៕