មហាជននៅខេត្តមណ្ឌលគិរីយ៉ាងច្រើនកុះករជួបជុំគ្នា ដង្ហែរក្បួនដើម្បីថ្កោលទោសចំពោះការបំផ្លាញបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ពីកងទ័ពថៃ

ខេត្តមណ្ឌលគិរី ៖ មហាជនរស់នៅខេត្តមណ្ឌលគិរីយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានជួបជុំប្រមូលផ្តុំគ្នា ដង្ហែរជាក្បួនគាំទ្រដល់រាជរដ្ឋាភិបាល និងផ្តល់កម្លាំងចិត្តដល់យុទ្ឋជននៅសមរភូមិជួរមុខ ដែលបានខិតខំប្រយុទ្ធការពារដែនបូរណភាពជាតិ ទាំងចម្បាំងប្រដាប់អាវុធ និងការទូតប្រកបដោយភាពអង់អាចក្លាហាន ។
ក្នុងទឹកមុខរឹងមាំពោពេញដោយកម្លាំងស្នេហាជាតិ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ ឥស្លាមសាសនា គ្រឹស្តសាសនា លោកគ្រូ អ្នកគ្រូ យុវជន និស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិច បានដង្ហែក្បួន សម្តែងការថ្កោលទោសចំពោះការបំផ្លាញបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ដោយកងទ័ពថៃ តាមដងផ្លូវជាតិលេខ៧៦ ចាប់ពីនៅរង្វង់មូលគោព្រៃ ឆ្ពោះទៅវិមានឯករាជ្យ ក្រុងសែនមនោរម្យ ។
ក្នុងក្បួនដង្ហែដែលមានប្រវែងជិត២គីឡូម៉ែត្រ គេបានមើលឃើញពីពាក្យស្លោកជាច្រើន ដែលប្រជាពលរដ្ឋបានកាន់ ហើយស្រែកថ្កោលទោស អំពើអមនុស្សធម៍របស់កងទ័ពថៃ មកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា ខណៈដែលកងទ័ពថៃ បានប្រើប្រាស់សុទ្ឋតែអាវុធធុនធ្ងន់ ផ្តាច់ផ្តិលអាយុជីវិតកងទ័ព និងប្រជាជនខ្មែរស្លូតត្រង់ជាច្រើននាក់។
ក្បួនមហាជនក៏បានថ្លែងអំណរអបអរសារទរពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានច្បាំងផ្នែកការទូតរហូតធ្វើឲ្យសត្រូវបច្ចាមិត្ត ទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ទាំងបង្ខំ នាពាក់កណ្តាលអធ្រាតនាថ្ងៃទី២៩ កក្កដា ។
ទន្ទឹមនេះ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ ឥស្លាមសាសនា គ្រឹស្តសាសនា លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិច ទូទាំងខេត្តមណ្ឌលគិរី ដែលនៅសមរភូមិជួរក្រោយ សូមរួមសុខ រួមទុក្ខ លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត និងជួយគាំទ្រតាមគ្រប់រូបភាព ជូនដល់បងៗយុទ្ធជន វីរៈកងទ័ពដ៏ក្លាហាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា គ្រប់ពេលវេលា ៕ ស៉ីផុន ហ៊ុងគ្រី